ក្នុងពិធីបុណ្យសមុទ្រលើកទី៩ជុំទី៣នៅខេត្តព្រះសីហនុរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៩ដល់ថ្ងៃទី១១ ខែធ្នូ នេះមានភ្ញៀវទេសចរណ៏ជាតិអន្តរជាតិ និងប្រជាពលរដ្ឋចូលរួមដើរលេងកម្សាន្តសរុបជាង៧១ម៉ឺននាក់ខណៈអាជ្ញាធរខេត្តបន្តការរៀបចំបង្កការសប្បាយបន្ថែមទៀត។ នេះបើតាមការឲ្យដឹងពីលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ របាយការណ៍ដែលទើបទទួលបាននៅថ្ងៃនេះបានឲ្យដឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យសមុទ្រទទួលបានអ្នកទៅកម្សាន្តសរុបចំនួន៧១២៦១៤នាក់។ កត្តាដែលនាំឲ្យអ្នកទៅលេងច្រើនដោយសារមានកន្លែងកម្សាន្តច្រើន និងទស្សនីយ៍ភាពច្រើនសំរាប់ឲ្យភ្ញៀវទៅទស្សនា។ ក្នុងនោះមានដូចជាការប្រកួតកីឡា, ផ្ទាំងទស្សនីយភាពសិល្បៈដែលមានតារាល្បីៗជាច្រើនសម្តែង និងមានការតាំងពិព័រណ៍ផលិតផលប្រើប្រាស់និង ម្ហូបអាហារ ភេសជ្ជៈជាដើម។ លោកបន្តថា បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ល្អនៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនេះ ក៏ជាកត្តាធ្វើឲ្យអ្នកដើរកម្សាន្តជឿជាក់និងទុកចិត្តផងដែរ។
ចំណែកលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា ប្រជាជនមានការសប្បាយរីករាយក្នុងការមកកម្សាន្តនៅក្នុងពិធីបុណ្យសមុទ្រនេះទាំងពេលយប់ និងពេលថ្ងៃ។ ក្នុងនោះពួកគេមួយចំនួនក៏បានបន្តទៅទស្សនានៅតាមគោលដៅទេសចរណ៍ដទៃទៀតដែរ រីឯបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ទៀតសោត គឺមិនមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។ បើតាមលោករដ្ឋមន្ត្រី ថោង ខុន អាជ្ញាធរខេត្តព្រះសីហនុនៅបន្តការរៀបចំពិធីបុណ្យនៅយប់ថ្ងៃទី១២ទៀត ហើយប្រសិនបើប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅតែចូលរួមកម្សាន្តច្រើនទៀត អាជ្ញាធរខេត្ត នឹងបន្តនៅថ្ងៃទី១៣ទៀតដើម្បីបង្កការសប្បាយជូនពួកគាត់ និងដើម្បីអបអរមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកដែលបាននិងកំពុងរៀបចំនៅខេត្តព្រះសីហនុចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២៕