អ្នកជំនាញការចំពោះកិច្ចនៃការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរហៅកាត់ថាអាយស៊ីស៊ី-អង្គរ (ICC-Angkor) អមដំណើរដោយលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារពាក់ព័ន្ធនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នេះបានអញ្ចើញចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច។ ការចុះពិនិត្យនេះក្នុងគោលបំណងពិនិត្យតាមដានការងារជួសជុល និងវឌ្ឍនភាពគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ក៏ដូចជាពិនិត្យលទ្ធភាពរៀបចំផែនការអភិវឌ្ឍន៍ទិសដៅទេសចរណ៍នៅប្រាសាទមេបុណ្យខាងលិចនេះបានល្អប្រសើរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ អ្នកជំនាញ ICC-Angkor ក៏បានចុះពិនិត្យទីតាំងមួយចំនួនដែលពលរដ្ឋបានស្ម័គ្រចិត្តផ្លាស់ប្ដូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងផងដែរ។ នាពេលនោះដែរក្រុមអ្នកជំនាញការចំពោះកិច្ចនៃអាយស៊ីស៊ី-អង្គបានជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ និងបានស្វែងយល់ពីទិដ្ឋភាពជាក់ស្តែងនៃការរស់នៅមិនសមស្របរបស់ប្រជាពលរដ្ឋ និងបានចុះទៅពិនិត្យផ្ទាល់នូវទិដ្ឋភាពជាក់ស្តែងនៅតំបន់ភូមិធម្មជាតិរុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង៕