សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងរដ្ឋនានារបស់អឺរ៉ុបផ្តល់ជំនួយផ្នែកយោធាហិរញ្ញវត្ថុ និងមនុស្សធម៌ជាច្រើនដល់អ៊ុយក្រែន។ ចាប់តាំងពីថ្ងៃទី ១០ ខែតុលាមក អ៊ុយក្រែនបានប្រឈមមុខនឹងរលកនៃការវាយប្រហារដោយកាំជ្រួចមីស៊ីលជាច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន។ ខណៈពេលដែលប្រជាជនអ៊ុយក្រែនត្រៀមខ្លួនសម្រាប់ការវាយប្រហារបន្ថែមទៀតក្នុងអំឡុងពេលរដូវរងាដ៏ត្រជាក់ខ្លាំងអ៊ុយក្រែនកំពុងអំពាវនាវឲ្យមានអាវុធបន្ថែមទៀតពីលោកខាងលិចជាពិសេសប្រព័ន្ធការពារដែនអាកាសសម្រាប់ការពារគ្រឿងបរិក្ខារសំខាន់ៗ។ ប្រទេសមួយចំនួនកំពុងផ្តល់ជំនួយដល់អ៊ុយក្រែនច្រើនជាងប្រទេសដទៃទៀត។ បើយោងតាមទិន្នន័យចុងក្រោយបំផុតដែលបានចេញផ្សាយនៅសប្តាហ៍នេះដោយវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោក សហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយដ៏ធំបំផុតរបស់អ៊ុយក្រែន។
តួលេខដែលប្រមូលបានដោយវិទ្យាស្ថាន Kiel បានបង្ហាញបរិមាណនៃជំនួយផ្នែកយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌ដល់អ៊ុយក្រែនដែលបានមកពីរដ្ឋាភិបាលនានាដែលជាពិសេសសហភាពអឺរ៉ុប និងក្រុមប្រទេសទាំងប្រាំពីរ (G7)។ ជំនួយយោធារួមមានសព្វាវុធ គ្រឿងបរិក្ខារ និងជំនួយហិរញ្ញវត្ថុសម្រាប់ផ្គត់ផ្គង់យោធាអ៊ុយក្រែន។ ជំនួយមនុស្សធម៌គ្របដណ្តប់លើផ្នែកវេជ្ជសាស្ត្រ អាហារ និងរបស់របរផ្សេងៗទៀតសម្រាប់ជនស៊ីវិល រួមទាំងជំនួយផ្នែកហិរញ្ញវត្ថុមានក្នុងទម្រង់ជាជំនួយ កម្ចី និងការធានាជាដើម។
សរុបមក សហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌ ចំនួនប្រមាណ៤៧.៨ ពាន់លានអឺរូ (៥០.៣ពាន់លានដុល្លារ) ដល់ទីក្រុង Kyiv ហើយស្ទើរតែពាក់កណ្តាលជាជំនួយផ្នែកយោធាខណៈដែលសហភាពអឺរ៉ុបដូចជា ធនាគារវិនិយោគអឺរ៉ុប គណៈកម្មការ និងក្រុមប្រឹក្សា សហភាពអឺរ៉ុប និងអង្គការសន្តិភាពអឺរ៉ុបបានផ្តល់ជំនួយចំនួន៣៥ពាន់លានអឺរ៉ូ (៣៦.៨ពាន់លានដុល្លារ) ដល់អ៊ុយក្រែន ដែលភាគច្រើនជាជំនួយផ្នែកហិរញ្ញវត្ថុ។ ចក្រភពអង់គ្លេសគឺជាប្រទេសដែលផ្តល់ជំនួយខ្ពស់បំផុតទីបីដល់អ៊ុយក្រែនជាមួយនឹងទឹកប្រាក់ចំនួន៧.១ពាន់លានអឺរ៉ូ (៧.៥ពាន់លានដុល្លារ) ។
ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក ដែលជាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ជាងគេនៅក្នុងពិភពលោកផ្តល់ជំនួយដល់អ៊ុយក្រែនដែលមានចំនួនតិចជាងមួយភាគបួនភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ ផ្ទុយពីក្រុមប្រទេសបាល់ទិកដូចជាប្រទេសអេស្តូនី ដែលមានការប្តេជ្ញាចិត្តទ្វេភាគីសរុបជាភាគរយនៃ GDP របស់ខ្លួនគឺ ១.១ ភាគរយ បន្ទាប់មកគឺប្រទេសឡាតវី០.៩៣ភាគរយ ប្រទេសប៉ូឡូញ០.៥ភាគរយ និងប្រទេសលីទុយអានី០.៤៦ភាគរយ។