ភ្នំពេញ៖ ជនសង្ស័យចំនួន៧១នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២១ករណីនៅទូទាំងប្រទេសកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។ យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៧១នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួនក្នុងនោះរួមមាន ៖ការជួញដូរចំនួន៦ករណី ឃាត់ខ្លួន៩នាក់ (ស្រី១នាក់), ដឹកជញ្ជូនរក្សាទុក៩ករណី ឃាត់ខ្លួន២១នាក់ (ស្រី៣នាក់), ប្រើប្រាស់០៧ករណី ឃាត់ខ្លួន៤១នាក់ (ស្រី៤នាក់)។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន (Ice) ទម្ងន់១៣០,៦៨ក្រាម, Wy ទម្ងន់២១,៤៩ ក្រាម, Ke ទម្ងន់៤,៦២ក្រាម និង៦កញ្ចប់តូច ។ សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់ចេញទិសដៅចំនួន៤ចំណុចជាយុទ្ឋសាស្រ្ត ដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀនឱ្យបានជោគជ័យខណៈនិន្នាការនៃការផលិតការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកលជាពិសេសគ្រឿងញៀនសំយោគ ដែលកំពុងមានការកើនឡើង៕