គណៈប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកប្រមាណ១៣០នាក់ មកពីជាង២០ប្រទេសបានរួមគ្នាជួយដាំដើមកោងកាងជាង៣០០០ដើម ដើម្បីចូលរួមចំណែកជាមួយប្រទេសកម្ពុជាក្នុងការទ្រទ្រង់ដល់ប្រព័ន្ធបរិស្ថាននៅតំបន់ឆ្នេរសមុទ្រកម្ពុជា។ សកម្មភាពដាំដើមកោងកាងនេះធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធយ៉ាងច្រើន។ សកម្មភាពដែលគណៈប្រតិភូក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកដាំដើមកោងកាងអនុស្សាវរីយ៍នេះគឺធ្វើឡើងក្នុងឱកាសមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២។ ទីនោះត្រូវបានប្រសិទ្ធនាមថា "សួនកោងកាងសាងស្នេហ៍" ដើម្បីបង្ហាញពីនិមិត្តរូបនៃសេចក្តីស្រឡាញ់ និងចំណងមិត្តភាព ភាតរភាព សាមគ្គីភាពយូរអង្វែងរវាងសមាជិកនៃក្លិបឆ្នេរទាំងអស់ផងដែរ។
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ព្រៃកោងកាងដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធបរិស្ថាន និងជារបៀងតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីរវាងតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយដើមកោងកាងដែលបានដាំនាពេលនេះជារុក្ខជាតិដុះតាមតំបន់ឆ្នេរ ឬតំបន់ទឹកប្រៃលាយសាបដែលត្រូវបានគេរកឃើញនៅតាមឆ្នេរសមុទ្រត្រូពិកជាពិសេសនៅតំបន់មហាសមុទ្រឥណ្ឌាខាងលិច។ លោកបញ្ជាក់ថា ព្រៃកោងកាងជារបាំងការពារគ្រោះធម្មជាតិដូចជា ខ្យល់ព្យុះ ការបាក់ឆ្នេរសមុទ្រ ការហូរច្រោះឆ្នេរ ការកើនឡើងកម្ពស់ទឹកសមុទ្រ និងការរក្សាទុកកាបូនដែលបានរួមចំណែកក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ការដាំដើមកោងកាងពិតជាមានសារៈសំខាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិព្រមទាំងលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានដូចទិសស្លោក "ព្រៃឈើដុះយើងរស់ព្រៃឈើល្អយើងមានបានកាប់ព្រៃឈើក្ររហេមរហាម ឬកាប់ព្រៃកោងកាងបំផ្លាញខ្លួនឯង"។
ជាមួយគ្នានោះ លោក គួច ចំរើន ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុក៏បានប្តេជ្ញាចិត្តខិតខំថែរក្សាសួនកោងកាងសាងស្នេហ៍នេះឱ្យស្ថិតស្ថិរយូរអង្វែង និងប្រែក្លាយតំបន់នេះជាតំបន់អភិរក្សកោងកាងមួយដ៏សំខាន់ដើម្បីរួមចំណែករក្សាតុល្យភាពបរិយាកាស និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការរៀបចំអេកូទេសចរណ៍ធម្មជាតិផងដែ។ បើតាមលោក គួច ចំរើន ប្រទេសកម្ពុជាមានព្រៃកោងកាងសរុបចំនួន៥៨,៨៥២ហិកតាក្នុងនោះខេត្តព្រះសីហនុមានផ្ទៃដីព្រៃកោងកាងចំនួន៩,៣៥២ហិកតាមានចំនួន៣៩ប្រភេទ។ ព្រៃកោងកាងជាកន្លែងរក្សាជាដែនជម្រកជាកន្លែងបង្កាត់ពូជប្រភពមេពូជនៃធម្មជាតិ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្សតាមរយៈការផ្តល់ជាប្រភពអាហារ និងឱសថបុរាណផងដែរ។ ឱកាសចូលរួមដាំដើមកូនកោងកាងនោះប្រតិភូក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកព្រមទាំងអ្នកចូលរួមខាងភាគីកម្ពុជាពិតជាមានភាពស្និទ្ធស្នាល ភាតរភាព និងសប្បាយរីករាយយ៉ាងខ្លាំង៕