កុដិបុរាណចំនួន៣ស្ថិតនៅក្នុងបរិវេណវត្តឧណ្ណាលោមត្រូវបានវាយកម្ទេចដើម្បីសាងសង់ចេតិយ ដែលទង្វើនេះផ្ទុយទៅនឹងសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌនេះបើយោងតាមលិខិតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានទូលថ្វាយសម្តេចទេព វង្ស ដែលទើបទទួលបាននៅរសៀលថ្ងៃទី១១ ខែធ្នូ នេះ។
លិខិតលោកស្រី ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នកន្លងមកនេះ ទូលព្រះបង្គំបានទទួលដំណឹងពីមន្ត្រីជំពេញ និងមហាជនរាយការណ៍មកស្ដីពីករណីវាយកម្ទេចកុដិបុរាណចំនួន៣គឺកុដិលេខ៤៣, ៤៤ និង៤៥ ដែលកសាងក្នុងកំឡុងឆ្នាំ១៩៣០ ស្ថិតនៅក្នុងបរិវេណវត្តឧណ្ណាលោម ដើម្បីសាងសង់ព្រះចេតិយ។ ក្រោយទទួលបានដំណឹងនេះ ក្រសួងមានការសោកស្តាយជាខ្លាំងព្រោះកុដិទាំង៣នេះក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញកាលពីឆ្នាំ២០១៧។ សកម្មភាពនេះកំពុងរងការរិះគន់យ៉ាងផុលផុសពីមហាជនតាមរយៈបណ្ដាញសង្គម។
លោកស្រីរដ្ឋមន្ត្រីបានបន្តថា ក្នុងនាមក្រសួងជាសេនាធិការរបស់រាជរដ្ឋាភិបាលដែលមានតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រងថែរក្សាការពារសម្បត្តិតិកភណ្ឌវប្បធម៌ជាតិ ក្រសួងសូមបញ្ជាក់ទូលថ្វាយថា សកម្មភាពរើរុះ និងកម្ទេចកុដិចាស់ពុំបានសិក្សាពិគ្រោះ និងការអនុញ្ញាតពីក្រសួងធម៌ និងវិចិត្រសិល្បៈជាទង្វើដែលផ្ទុយនឹងច្បាប់ព្រមទាំងចរាចររបស់រាជរដ្ឋាភិបាលដែលជាឯកសារគតិយុត្តិជាធរមាន។ បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសារាចរនេះបានបញ្ជាក់ថា រាល់ការជួសជុលព្រះវិហារ ឬសំណង់អគារបេតិកភណ្ឌត្រូវស្នើសុំការអនុញ្ញាតពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលជាក្រសួងជំនាញ៕