ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយរដ្ឋបាលខេត្តសៀមរាបនិងអាជ្ញាធរជាតិអប្សរានឹងរៀបចំកម្មវិធី "រាត្រីចងចាំ" ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ ។ បើតាមក្រសួងវប្បធម៌កម្មវិធីនោះ នឹងរៀបចំនៅរាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅខាងក្រោយបរិវេណប្រាសាទអង្គរដោយចាប់ផ្តើមពីវេលាម៉ោង៥ល្ងាច ហើយនឹងមានមហាព្រឹត្តិការណ៍ទស្សនីយភាពសិល្បៈវប្បធម៌ដ៏អស្ចារ្យ បង្ហាញជូននូវបេតិកភណ្ឌវប្បធម៌រូបី និងអរូបី។ ជាមួយគ្នានោះទស្សនីយភាពសិល្បៈជាច្រើនទម្រង់ នឹងមានសម្តែងជូនទស្សនិកជនបានទស្សនាដោយមានការចូលរួមពីសិល្បករសិល្បការិនីជិត៣០០នាក់។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអញ្ជើញប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិ អន្តរជាតិចូលរួមទស្សនាអោយបានច្រើនកុះករផងដែរ។ គួរបញ្ជាក់ដែរថា តំបន់អង្គរវត្ត (សម្បត្តិវប្បធម៌រូបី) ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក៕