គិតមកដល់ពេលនេះសេវាកម្មស្នាក់នៅក្នុងក្រុងព្រះសីហនុមានភ្ញៀវទេសចរកក់យ៉ាងច្រើនដើម្បីចូលរួមកម្សាន្តនាឱកាសបុណ្យសមុទ្រ ប៉ុន្តែមិនទាន់ខ្វះកន្លែងស្នាក់នៅទេសចរណ៍នៅឡើយទេពីព្រោះនៅក្រុងព្រះសីហនុមានបន្ទប់ស្នាក់នៅសរុបរហូតដល់ជាង៩០០០បន្ទប់ឯណោះនេះបើតាមមន្ទីរទេសចរណ៍។ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា សណ្ឋាគារសរុបនៅក្នុងក្រុងព្រះសីហនុមានប្រមាណ៨០ក្នុងនោះមានបន្ទប់ស្នាក់នៅសរុបប្រមាណ៩០០០បន្ទប់ ដែលធានាដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរមិនឱ្យខ្វះខាតឡើយ។ លោកថា នៅជាប់ផ្លូវធំៗគឺស្ទើរតែពេញអស់ដែរដោយគេទុក៤-៥បន្ទប់សម្រាប់ដល់ថ្ងៃបុណ្យ ប៉ុន្តែនៅមាននៅតាមផ្លូវចូលក្នុងៗទៀត ដែលភ្ញៀវអាចកក់និងចូលស្នាក់នៅបាន។
លោកប្រធានមន្ទីរបានបន្តថា ក្នុងឱកាសបុណ្យសមុទ្រនេះដែរក៏មានភ្ញៀវជាតិកក់បន្ទប់ស្នាក់នៅច្រើនណាស់ដែរខណៈភ្ញៀវបរទេសក៏មានច្រើនដូចគ្នា។ ចំណែកលោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មការស្នាក់នៅ និងម្ហូបអាហារ ក្រសួងទេសចរណ៍ បានលើកឡើងថា "បើតាមរបាយការណ៍គិតមកដល់ពេលនេះនៅមិនទាន់ឈានដល់ការខ្វះបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅនោះទេគ្រាន់តែការកក់បន្ទប់ជិតពេញ១០០ភាគរយហើយ តែជាធម្មតាការធ្វើសេវាកម្មជូនភ្ញៀវស្នាក់នៅគឺមិនដែលលក់បន្ទប់ក្នុងទីតាំងទាល់តែអស់នោះទេតែងតែមានត្រៀមសម្រាប់ភ្ញៀវក្នុងករណីមានបញ្ហាណាមួយ"។
លោក គឹម សេរីរដ្ឋ បានបញ្ជាក់ទៀតថា ទោះបីជាមានការកក់បន្ទប់ស្នាក់នៅអស់ច្រើនតែយ៉ាងណាសម្រាប់ការរៀបចំពិធីបុណ្យសមុទ្រនេះមិនខ្វះបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅនោះទេ និងនៅតែអាចបន្តផ្តល់ជូនបន្ទប់ស្នាក់នៅសម្រាប់តម្រូវការរបស់ភ្ញៀវបានដោយសារក្រុងព្រះសីហនុមានកន្លែងស្នាក់នៅគ្រប់គ្រាន់ និងមានជម្រើសក្នុងការស្នាក់នៅផ្សេងៗដូចជា ការបោះតង់ និងកន្លែងស្នាក់នៅផ្សេងៗទៀត។ លោកបន្ថែមថា សម្រាប់ចំនួនភ្ញៀវទេសចរដែលគ្រោងមកកម្សាន្តនៅក្នុងឱកាសបុណ្យសមុទ្រគិតមកដល់ពេលនេះគឺមានចំនួនច្រើនកុះករហើយ តាមរយៈការកក់សណ្ឋាគារធំៗ បាំងកាឡូ ការកក់តង់ស្នាក់នៅ រួមទាំងកន្លែងផ្សេងៗផងដែរ។ សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៩ជុំទី៣នៅខេត្តព្រះសីហនុ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២៕