ភ្នំពេញ៖ ជនសង្ស័យចំនួន៤៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៥ករណីនៅទូទាំងប្រទេសកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៦នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួនក្នុងនោះរួមមាន ៖ ការជួញដូរ១២ករណី ឃាត់ខ្លួន២០នាក់, ដឹកជញ្ជូនរក្សាទុក២ករណី ឃាត់ខ្លួន២នាក់, បើកបរក្រោមឥទ្ឋិពល៣ករណី ឃាត់ខ្លួន៣នាក់ និងប្រើប្រាស់៨ករណី ឃាត់ខ្លួន២១នាក់ ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន (Ice) ទម្ងន់២៨៤,១៣ក្រាម ,មេតំហ្វេតាមីន(Wy)ទម្ងន់៤,៩៥ក្រាម និងកេតាមីន(Ke)ទម្ងន់៧,៤៨ក្រាម ។ សូមបញ្ជាក់ថា នាពេលថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់ចេញទិសដៅចំនួន៤ចំណុចជាយុទ្ឋសាស្រ្ត ដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀនឱ្យបានជោគជ័យខណៈនិន្នាការ នៃការផលិតការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគដែលកំពុងមានការកើនឡើង៕