ភ្នំពេញ៖ ជនបរទេសចំនួន១៤៨នាក់ត្រូវបានអាជ្ញាធរកម្ពុជាធ្វើការបណ្ដេញចេញ និងហាមឃាត់មិនឱ្យចូលប្រទេសកម្ពុជារយៈពេល៣ឆ្នាំក្រោយពេលពួកគេត្រូវបានរកឃើញមានជាប់ពាក់ព័ន្ធបទល្មើសជាច្រើន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ការបណ្ដេញចេញនេះបានធ្វើឡើងចាប់ពីថ្ងៃទី៤ដល់ថ្ងៃ៦ ខែធ្នូ ឆ្នាំ២០២២ ។
សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងបន្តថា ជនបរទេសដែលអាជ្ញាធរធ្វើការបណ្ដេញចេញមានចំនួន១៤៨នាក់ ស្រី១០នាក់ មាន៣សញ្ជាតិក្នុងនោះជនជាតិចិន ចំនួន១៤៥នាក់ ជនជាតិកូរ៉េចំនួន២នាក់ និងជនជាតិអេស្ដូនីចំនួន១នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជាអនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍តាមប៉ុស្តិ៍នគរបានច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ឱ្យដឹងដែរថា ជនបរទេសទាំងនេះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់គ្មានលិខិតឆ្លងដែនលួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ និងធ្វើការងារខុសច្បាប់ដែលល្មើសនិងច្បាប់ស្ដីពីអន្តោប្រវេសន៍ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល៣ឆ្នាំ៕