គណៈប្រតិភូដំបូងរបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក មកពីឆ្នេរ Luanda របស់ប្រទេសអង់ហ្កោឡា ទ្វីបអាហ្វ្រិក បានធ្វើដំណើរមកដល់កម្ពុជាហើយ កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ដើម្បីចូលរួមមហាសន្និបាតលើកទី១៦របស់ក្លឹប ដែលនឹងធ្វើឡើងនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ គណៈប្រតិភូនេះដឹកនាំដោយកញ្ញា Swelia Antonio ដែលជាបវរកញ្ញារបស់ប្រទេសអង់ហ្គោឡាប្រចាំឆ្នាំ២០២២នេះ (Miss Angola 2022)។ ក្រុមការងាររៀបចំមហាសន្និបាតលើកទី១៦ ដែលដឹកនាំដោយលោក ហេង សុដានី អគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុបានទទួលបដិសណ្ឋារកិច្ចនិងសម្របសម្រួលជូនពួកគាត់នៅប្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ដោយឡែកគណៈប្រតិភូផ្សេងៗ បានបន្តមកដល់ល្ងាច និងយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ។
គួរបញ្ជាក់ថា សន្និបាតឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោកនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៩-១៤ខែធ្នូ អមជាមួយពិធីបុណ្យសមុទ្រនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលគ្រោងនឹងទទួលប្រតិភូអន្តរជាតិសរុបជាង១២០នាក់នៅទូទាំងពិភពលោក ហើយប្រតិភូដែលចូលរួមកិច្ចប្រជុំខាងលើនេះ នឹងត្រូវរៀបចំឱ្យមានទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ប្រណីតៗរបស់កម្ពុជា។
លោក ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ធ្លាប់បានលើកឡើងថា ប្រតិភូដែលនឹងចូលរួមក្នុងសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកនេះ គឺមានមកពីប្រទេសវៀតណាម ថៃ ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ារ៉ុក កូតឌីវ័រ ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា និងប្រទេសក្នុងតំបន់សមុទ្រការីបង់ (Caribbean Sea)។ ប្រតិភូអន្តរជាតិទាំងនោះនឹងត្រូវនាំទៅទស្សនកិច្ចនៅគោលដៅទេសចរណ៍មួយចំនួននៅតំបន់ឆ្នេរដូចជា កោះរ៉ុង កោះឋានសួគ៌ កោះសង្សារ កោះក្របី កោះឫស្សី សហគមន៍អេកូទេសចរណ៍ពាមក្រសោបក៏ដូចជាតំបន់ឆ្នេរសមុទ្រនានានៅខេត្តព្រះសីហនុ។ ព្រឹត្តិការណ៍នៃសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងពិធីបុណ្យសមុទ្រនឹងបង្ហាញពីសមត្ថភាពខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងពេលកន្លងមកទាំងការគ្រប់គ្រងថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសមិទ្ធផលនិងហេដ្ឋារចនាសម្ពន្ធក្នុងមូលដ្ឋាន៕