ភ្នំពេញ៖ រថយន្តដឹកជញ្ជូនឈើខុសច្បាប់ចំនួន២គ្រឿងត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការបំផ្ទុះកម្ទេចចោលក្រោយពេលសមត្ថកិច្ចបង្រ្កាបបានកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ របាយការណ៍បានឱ្យដឹងថា រថយន្តដែលសមត្ថកិច្ចបានបំផ្ទុះនេះម៉ាកសាំយ៉ុងកែច្នៃ និងបានដឹកឈើចេញពីតំបន់ព្រៃឡង់ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ ឆ្ពោះទៅខេត្តកំពង់ចាម តែត្រូវបានកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបាន និងកម្ទេចចោលកាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នៅភូមិភ្ញារង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានប្រកាសកម្ទេចចោលរាល់មធ្យោបាយដឹកជញ្ជូនឈើមិនមានលិខិតអនុញ្ញាតពីជំនាញត្រឹមត្រូវតាមច្បាប់។ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិធ្លាប់បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថា ការកម្ទេចរាល់មធ្យោបាយដែលដឹកជញ្ជូនឈើមិនមានលិខិតអនុញ្ញាតពីជំនាញត្រឹមត្រូវតាមច្បាប់ គឺដើម្បីបំបាត់ឧក្រិដ្ឋកម្មព្រៃឈើនិងរក្សាឱ្យបានព្រៃឈើគង់វង្ស៕