ភ្នំពេញ៖ សន្លឹកកិច្ចការរបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតាមបណ្ដារាជធានី-ខេត្តត្រូវបានដឹកមកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិជាបណ្ដើរៗ ខណៈការប្រកាសលទ្ធផលនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យហឹបសន្លឹកកិច្ចការរបស់បេក្ខជននៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតាមបណ្ដារាជធានី-ខេត្ត ដែលបានដឹកមកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ។
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ហឹបសន្លឹកកិច្ចការត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវដោយសុវត្ថិភាព និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្តអប្បមាទទូទាំងប្រទេសអង្គភាពប្រឆាំងអំពើពុករលួយ។ សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២២នេះមានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាឆ្នាំនេះដែរក៏មានការចូលរួមសង្គេតការណ៍ដោយគណៈមេប្រយោគ និងគណៈកម្មការនានាសរុបចំនួន១៧ ២៤០នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិតចំនួន២ ៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយបានឯកភាពចូលរួមសង្កេតការណ៍ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានីខេត្តចំនួន២ ៧០០នាក់។ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕