អាជ្ញាធរជាតិអប្សរាបានរៀបចំគម្រោងរួចហើយដើម្បីរៀបចំពិធីរំលឹកគុណអង្គរហើយបើតាមការគ្រោងទុកពិធីនេះនឹងរៀបចំរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២២នេះបើតាមការឲ្យដឹងពីលោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា។ ដែលនៅក្នុងពិធីនោះមានកម្មវិធីសាសនា ស្ដង់ពិព័ណ៌ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។ បើតាមលោក ឡុង កុសល កម្មវិធីនឹងចាប់ផ្តើមនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ដោយមានពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរនៅបរិវេណមុខប្រាសាទអង្គរវត្តនឹងប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំខេត្តសៀមរាបថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាតំណាងអង្គការយូណេស្គូប្រចាំកម្ពុជាមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិ។ នៅព្រឹកថ្ងៃនោះដែរបន្ទាប់ពីកម្មវិធីបួងសួងក៏មានពិធីរាប់បាតព្រះសង្ឃចំនួន១៣០អង្គផងដែរ។ លោក ឡុង កុសល បានឱ្យដឹងទៀតថានៅថ្ងៃបន្តបន្ទាប់ក៏មាននូវទស្សនីយភាពជាច្រើនដូចជាកម្មវិធីបែបសាសនាសំខាន់ៗការតាំងពិព័ណ៌បង្ហាញសមិទ្ធផលការងាររយ:ពេល៣០ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរាស្នាដៃសិល្បៈជាច្រើនដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ ការសម្តែងអាយ៉ៃឆ្លើយឆ្លងដោយលោក ព្រហ្ម ម៉ាញ ព្រមទាំងការចាក់បញ្ចាំងភាពយន្តអំពីអង្គរជាដើម។ រាល់កម្មវិធីសាសនាសិល្បៈទស្សនីយភាពទាំងអស់នឹងបើកជាសាធារណៈចូលទស្សនាដោយពុំមានបង់ប្រាក់នោះទេ។
លោក ឡុង កុសល អះអាងថា នេះជាឆ្នាំទីពីរហើយដែលអាជ្ញាធរជាតិអប្សរាបានរៀបព្រឹតិ្តការណ៍រំលឹកគុណអង្គរ។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណអង្គរព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕