ភ្នំពេញ៖ ភ្លៀងនឹងបន្តធ្លាក់តិចតួចនៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាដោយសារតែរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យមចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនទឹក និងឧតុនិយមបានឱ្យដឹងនៅព្រឹកថ្ងៃទី៦ ខែធ្នូនេះថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ៣០-៣២ អង្សាសេ នឹងអាចមានភ្លៀងធ្លាក់តិចតួចលើកលែងតែរាជធានីភ្នំពេញ-ខេត្ត ភាគខាងក្រោមដែលភ្លៀងអាចធ្លាក់ក្នុងកម្រិតមធ្យមដោយអន្លើតែប៉ុណ្ណោះ ។
សេចក្ដីជូនដំណឹងបានឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមាមានពី២០-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៨-៣០អង្សាសេ នឹងអាចមានភ្លៀងធ្លាក់តិចតួចតែប៉ុណ្ណោះ ។ ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមានពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣០-៣២អង្សាសេ នឹងអាចមានភ្លៀងធ្លាក់តិចតួចតែប៉ុណ្ណោះ៕