កាលពីពេលថ្មីៗនេះមានឧបករណ៍គ្រាប់បែកសំងាត់ជាច្រើនត្រូវបានបញ្ជូនមកតាមស្រោមសំបុត្រយ៉ាងអនាមិកមកកាន់ប្រទេសអេស្ប៉ាញដែលជាប្រទេសផ្តល់ជំនួយមកដល់អ៊ុយក្រែន។ រឿងរ៉ាវមួយនេះចោទជាក្តីសន្និដ្ឋានឡើងថាប្រទេសរុស្ស៊ីអាចជាអ្នកនៅពីក្រោយពាក់ព័ន្ធធ្វើវា និងមានចេតនាផ្ញើមកដើម្បីគំរាមកំហែងអេស្ប៉ាញកុំអោយលូកដៃជួយអ៊ុយក្រែនតទៅទៀត។ គួរអោយចាប់អារម្មណ៍ផងដែរគ្រាប់បែកសំបុត្រទាំងនេះត្រូវបានផ្ញើមកនៅតាមទីតាំងសំខាន់ៗមួយចំនួននៅក្នុងប្រទេសអេស្ប៉ាញតែម្តងដែលមានដូចជាស្ថាប័នយោធា ស្ថាប័ននយោបាយ និងស្ថាប័នការទូតដែលមានរួមសរុបទៅដល់៦គោលដៅ ហើយស៊េរីគ្រាប់បែកផ្ទួនៗទាំងនេះបានធ្វើ់អោយប្រទេសអេស្ប៉ាញចាប់ផ្តើមបង្កើនរឹតបន្តឹងសន្តិសុខការពារនៅតាមទីតាំងគោលដៅពាក់ព័ន្ធ។
សង្កេតឃើញថាគ្រាប់បែកសំបុត្រដំបូងគេបំផុតដែលបានផ្ញើមកគឺមកកាន់នាយករដ្ឋមន្រ្តី Pedro Sanchez កាលពីថ្ងៃទី២៤ ខែវិច្ឆិកា និងគ្រាប់បែកសំបុត្រទី២ត្រូវបានផ្ញើឡើងមកកាន់រដ្ឋមន្រ្តីការទូតអ៊ុយក្រែនម្នាក់ធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញនៅថ្ងៃទី៣០ ខែវិច្ឆិកា បណ្តាលអោយមានបន្ទុះគ្រាប់បែកនៅស្ថានទូតក្នុងប្រទេសហើយធ្វើអោយបុគ្គលឹកស្ថានទូតម្នាក់រងរបួស។ យោងទៅតាមសេចក្តីរាយការណ៍ផ្លូវការមួយបានអោយដឹងថាសារធាតុនៅក្នុងគ្រាប់បែកនោះគឺលក្ខណៈស្រដៀងគ្នាទៅនឹងសារធាតុនៅក្នុងកាំជ្រួចផងដែរ។ លោក Dmydro Kuleba រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនបានបញ្ជាអោយស្ថានទូតអ៊ុយក្រែនប្រចាំការនៅបរទេសទាំងអស់រឹតបន្តឹងសុវត្ថិភាពសន្តិសុខជាបន្ទាន់។ នៅក្នុងថ្ងៃតែមួយផងដែរ ក្រុមហ៊ុនផលិតអាវុធយុទ្ធភណ្ឌ Instalaza នៅតំបន់ Zaragoza ភាគអាគ្នេយ៍ប្រទេសអេស្ប៉ាញក៏ទទួលបានគ្រាប់បែកសំបុត្រដូចគ្នា។
គួរបញ្ជាក់ផងដែរ ក្រុមហ៊ុនបំរើដល់វិស័យការពារជាតិរបស់អេស្ប៉ាញមួយនេះផងដែរបានបញ្ជូនប្រព័ន្ធបាញ់បង្ហោះកាំជ្រួចC90ជាង១០០០គ្រឿងរួចមកហើយមកកាន់អ៊ុយក្រែន។ ចំណែកកាលពីថ្ងៃទី១ ខែធ្នូនេះផងដែរ កងកំលាំងការពារដែនអាកាសដែលមានទីស្នាក់ការនៅមជ្ឈមណ្ឌលផ្កាយរណបរបស់សហភាពសូវៀត និងក្រសួងការពារជាតិរបស់អេស្ប៉ាញក៏ទទួលបានស្រោមសំបុត្រស្រដៀងគ្នានេះផងដែរ។ នៅក្នុងថ្ងៃជាមួយគ្នានេះផងដែរ ស្ថានទូតអាមេរិចប្រចាំទីក្រុងម៉ាឌ្រីដក៏ទទួលបានឧបករណ៍គ្រាប់បែកមួយនេះផងដែរតាមរយៈការផ្ញើ Mail។ មន្រ្តីជំនាញបានធ្វើការសន្និដ្ឋានឡើងថាមូលហេតុដែលគ្រាប់បែកទាំងនេះត្រូវបានផ្ញើតាមស្រោមសំបុត្រគឺដើម្បីអោយក្លាយជាចំនុចទាក់ទាញរបស់មហាជន។ ការបញ្ជូនគ្រាប់បែកសំបុត្រទាំងនេះមកក្នុងទីក្រុងម៉ាឌ្រីដបានធ្វើបង្កអោយមានការកកស្ទះចរាចរណ៍ និងការបិទផ្លូវជាច្រើន។
នៅក្នុងខណៈពេលដែលមានរលកយក្សនៃសង្គ្រាមអ៊ុយក្រែនព្រឹត្តិការណ៍ទាំងនេះបានភ្នកឡើងអោយឃើញថាមានពាក់ព័ន្ធនឹងប្រទេសរុស្ស៊ីផងដែរ។ តាំងពីចាប់ផ្តើមមានសង្គ្រាមមកម្ល៉េះ អេស្ប៉ាញបានក្លាយជាប្រទេសមួយដែលជួយអ៊ុយក្រែនជានិច្ច។ ជាក់ស្តែងហើយកាលពីថ្ងៃទី១៩ ខែវិច្ឆិកាកន្លងទៅនេះ អេស្ប៉ាញទើបតែបានប្រកាសថានឹងផ្តល់ជំនួយអ៊ុយក្រែននូវសម្ភារៈយោធាបន្ថែមទៀតនោះទេ។ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនទៅកាន់អេស្ប៉ាញលោក Serhii Pohoreltsev ក៏បានចោទប្រកាន់ថ្កោលទោសរុស្ស៊ីផងដែរសំរាប់រឿងគ្រាប់បែកស៊េរីមួយនេះ។ យ៉ាងណាមិញផងដែរ អ្នកស្រី Margarita Robles រដ្ឋមន្រ្តីក្រសួងការពារជាតិអេស្ប៉ាញក៏នៅតែប្រកាសជំហរមុតមាំក្នុងការជួយគាំទ្រការពារអ៊ុយក្រែនជានិច្ច។