ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រកាសកម្ទេចចោលរាល់មធ្យោបាយដែលដឹកជញ្ជូនឈើមិនមានលិខិតអនុញ្ញាតពីជំនាញត្រឹមត្រូវតាមច្បាប់។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីចុងសប្ដាហ៍កន្លងទៅនេះអ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានឱ្យដឹងថា កាលពីនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថ បានបង្ក្រាបចាប់រថយន្តម៉ាកសាំយ៉ុងកែច្នៃចំនួន២គ្រឿង ដឹកឈើអារគ្រឿងប្រហែល១០ម៉ែត្រត្រីគុណនៅចំណុចភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយវត្ថុតាងបានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកព្រែកប្រសព្វ។
អ្នកនាំពាក្យបានឱ្យដឹងបន្តថា រថយន្តម៉ាកសាំយ៉ុងកែច្នៃចំនួន២គ្រឿងខាងលើនឹងធ្វើការបំផ្ទុះដោយម្សៅ TNT នៅថ្ងៃទី៥ ខែធ្នូ នេះ ដើម្បីបំផ្លាញចោលឱ្យរាងចាល។គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានបញ្ជាក់ថា ចាប់ពីថ្ងៃប្រកាសព័ត៌មានតទៅរាល់មធ្យោបាយដែលដឹកជញ្ជូនឈើមិនមានលិខិតអនុញ្ញាតពីជំនាញត្រឹមត្រូវតាមច្បាប់ត្រូវធ្វើការបំផ្លាញចោលដើម្បីបំបាត់ឧក្រិដ្ឋកម្មព្រៃឈើរក្សាបានព្រៃឈើគង់វង្ស។
សូមបញ្ជាក់ថា ការប្រកាសកម្ទេចចោលមធ្យោបាយដែលដឹកជញ្ជូនឈើមិនមានលិខិតអនុញ្ញាតនេះគឺបន្ទាប់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានបញ្ជាឱ្យក្រុមការងារស្រាវជ្រាវករណីដែលបានចុះផ្សាយថា បទល្មើសព្រៃឈើកំពុងកើតយ៉ាងរង្គាលនៅតាមបណ្ដាខេត្តមួយចំនួន។ សេចក្ដីប្រកាសព័ត៌មានក៏បានបញ្ជាក់ដែរថា ការចុះផ្សាយមួយចំនួនជាព័ត៌មានពិតខណៈការចុះផ្សាយខ្លះទៀតជាព័ត៌មានមិនពិតប៉ុន្តែគណៈកម្មការជាតិបានប្រកាសថា ក្រុមការងារស្រាវជ្រាវព័ត៌មានរងចាំទទួលគ្រប់ពេលនូវរាល់ព័ត៌មានពិតដើម្បីធ្វើការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មព្រៃឈើ៕