ខណៈពេលដែលព្រះអង្គម្ចាស់ Napoleon ទី៣អ្នកនៅពីក្រោយគំរោងការណ៍ដាក់អាណានិគមលើបណ្តាប្រទេសនៅក្នុងតំបន់ឥណ្ឌូចិននៅប្រទេសវៀតណាមឯណោះផងដែរ លោក ហូ ជីមិញ ក៏ជានិម្មិតរូបសំខាន់របស់ប្រជាជនវៀតណាមដែលបានរំដោះយកប្រទេសវៀតណាមចេញពីអាណានិគមរបស់បារាំង។ កាលសម័យនោះដែរអាណានិគមរបស់បារាំងមកលើប្រទេសវៀតណាមគឺមានរយៈពេល៩៧ឆ្នាំដែលរាប់ចាប់តាំងពីឆ្នាំ១៨៥៧រហូតមកដល់ឆ្នាំ១៩៥៤នៅពេលដែលវៀតណាមត្រូវបានចុះអនុសញ្ញាហ្សឺណែវព្រមបែងចែកទឹកដីជាពីរផ្នែករួចមកគឺរៀតណាមខាងជើងដឹកនាំដោយបក្សគម្មុយនីស្តហូជីមិញ និងវៀតណាមខាងត្បូងដឹកនាំដោយអធិរាជ Bao Dai ដែលមានសហរដ្ឋអាមេរិកជាខ្នងបង្អែក។ ប៉ុន្តែនឹងមានការដាក់គំរោងបោះឆ្នោតឡើងវិញបង្រួបបង្រួមជាតិនៅក្នុង២ឆ្នាំខាងមុខទើបសហរដ្ឋអាមេរិកមានការភ័យខ្លាចថាបក្សកម្មុយនីស្តរបស់វៀតណាមនឹងឈ្នះឆ្នោតមួយនេះ។
ម្ល៉ោះហើយក៏កើតមានសង្គ្រាមវៀតណាមផ្ទុះឡើងដែលហាក់ដូចជាយកប្រទេសវៀតណាមធ្វើជាវេទិកាប្រឆាំងគ្នារវាងចលនាលទ្ធិម៉ាក្សនិយម-លេនីន គាំទ្រឡើងដោយពួកកុម្មុយនីស្តនិយម និងលទ្ធិប្រជាធិបតេយ្យ-មូលធននិយមគាំទ្រឡើងដោយពួកសេរី។ លោកហូជីមិញបានចាប់ផ្តើមបង្ហាញវត្តមានរបស់ខ្លួនដំបូងបំផុតនៅក្នុងពេលសម័យអាណានិគមរបស់បារាំង ដែលនៅពេលនោះមានលេចឡើងមនោគមន៍វិជ្ជារបស់មេដឹកនាំចលនាមួយចំនួននៅក្នុងប្រទេសដើម្បីងើបឡើងតស៊ូប្រឆាំងនឹងបារាំងដោយក្នុងនេាះក៏មានចលនារបស់លោកហូជីមីញផងដែរ។ លោកហូជីមីញមានឈ្មោះពេញហៅថា Nguyen Sinh Cung ជាកូនទី២នៃគ្រួសារកសិករ កើតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៨៩០ នៅភូមិ Hoang Tru ប្រទេសវៀតណាម។ លោកហូជីមីញបានបញ្ចប់ការសិក្សានៅសាលាដ៏ល្បីល្បាញមួយនៅក្នុងទីក្រុង Hue ដែលមានឈ្មោះថា Franco-Vietnamese Academy រួចបន្ទាប់មកលោកក៏បានធ្វើគ្រូបង្រៀននៅក្នុងក្រុង Phan Thiet។
បន្ទាប់មកនៅក្នុងឆ្នាំ១៩១១ គឺជាពេលដែលលោកចាកចេញពីប្រទេសវៀតណាមជាលើកដំបូងដោយបានចាកចេញទៅបំរើការងារជាចុងភៅនៅទីក្រុងMarseille ប្រទេសរៀតណាម។ នៅឆ្នាំ១៩១៧ លោកបានផ្លាស់ទៅរស់នៅទីក្រុងប៉ារីសនៅក្នុងកំឡុងពេលសង្គ្រាមលោកលើកទី១ និងបានចាប់ផ្តើមពាក់ព័ន្ធជាមួយនឹងក្រុមសកម្មជនឆ្វេងនិយម និងប្រឆាំងអាណានិគម។ នៅក្នុងឆ្នាំ១៩៤១ លោកបានត្រលប់មកមាតុភូមិវិញនិងបានបង្កើតអង្គការវៀតមីញដើម្បីប្រឆាំងជាមួយនឹងអាណានិគមបារាំង និងជប៉ុន។ លោកហូជីមីញបានបណ្តុះមនោគមន៍វិជ្ជាមួយដោយដើរតាមលទ្ធិម៉ាក្សនិយម-លេនីន ដែលលោកយល់ឃើញនៅពេលដែលពិភពកំពុងជួបរឿងវឹកវរដោយសារសង្គ្រាម មានតែកម្មុយនីស្តនិយមប៉ុណ្ណោះដែលអាចធ្វើអោយរក្សាបានភាពនឹងនរខាងផ្នែកនយោបាយ និងសេដ្ឋកិច្ចដូចជាតឹកតាងបង្ហាញស្រាប់របស់សហភាពសូវៀតនៅសម័យកាលនោះ។ លោកហូជីមីញយល់ឃើញថាកម្មុនីស្តគឺជាវិធីម្យ៉ាងដែលអាចធ្វើអោយលោករំដោះប្រទេសបានទៅរកសេរីភាព។
សំរាប់លោកសេរីភាពគឺជាអ្វីដែលមនុស្សយើងត្រូវតែទទួលបានចាប់តាំងតែពីចាប់កំណើតមកនៅលើផែនដីនេះម្ល៉េះ ហើយដើម្បីអោយទទួលបានសង្គមមួយមានសេរីភាព លុះត្រាតែលុបបំបាត់នូវឋានៈ ការរើសអើង គំលាតនៃរចនាសម្ព័ន្ធនៃសង្គម។ លោកជឿជាក់ថាគ្មានអ្វីខ្លាំងក្លាជាងមនុស្សនោះទេ មនុស្សគឺជាអ្នកអាចចែវទូក ហើយក៏ជាអ្នកអាចផ្កាប់ទូកចោលបានដែរ។ ដូចនេះមនុស្សម្នាក់ៗអាចពង្រឹងខ្លួនឯងពីខាងក្នុងមកអោយរឹងមាំ នោះគ្មានកត្តាខាងក្រៅណាដែលពួកគេមិនអាចទប់ទល់បានទេ។ មូលដ្ឋានគ្រឹះនៃគំនិតរបស់លោកហូជីមីញនេះហើយជាមនោគមន៍វិជ្ជាបណ្តុះគំនិតនិងឆន្ទៈប្រជាជនរៀតណាមអោយរៀនសូត្រតាម និងគោរពស្រលាញ់លោក។ នៅឆ្នាំ១៩៦៩ លោកហូជីមីញបានទទួលមរណភាពនៅក្នុងថ្ងៃទី២ ខែកញ្ញា និងត្រូវបានប្រជាជនរៀតណាមកសាងរូបសំណាក់របស់លោកឡើងជាច្រើនហើយរូបសំណាក់ដែលខ្ពស់ជាងគេបំផុតនោះគឺនៅសាងសង់ឡើងនៅក្នុងខេត្តកំណើតរបស់លោកតែម្តង មានកំពស់៥០ហ្វីត សាងសង់ឡើងពីថ្មក្រានីតពណ៌ទង់ដែង២០០តោន និងមានព្រៃឈើនៅពីក្រោយពោរពេញដោយរុក្ខជាតិវល្លិតូចធំចំរុះជាង១៦០០ប្រភេទ។ នៅពេលបច្ចុប្បន្ននេះទីកន្លែងរូបសំណាក់នេះត្រូវបានការពារយ៉ាងតឹងរឹងពីទាហាន និងអនុញ្ញាតិអោយត្រឹមភ្ញៀវទេសចរអាចដោះស្បែកជើងគោរព និងអោយផ្កាតែប៉ុណ្ណោះ។ លោកហូជីមីញបានក្លាយជាវីរៈបុរសដែលបានលះបង់ពេញមួយឆាកជីវិតរបស់លោកដើម្បីរំដោះដែនដីអធិបតេយ្យភាពរបស់វៀតណាមឡើងវិញ។