បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកប្រទេសឡើងវិញដើម្បីទទួលទេសចរនោះនៅខេត្តសៀមរាប ដែលជាខេត្តសំបូរទៅដោយបេតិកភណ្ឌមួយនេះបានចាប់ផ្ដើមមានកំណើនភ្ញៀវទេសចរអន្តរជាតិច្រើនឡើងវិញរួមជាមួយការហោះហើរពីបណ្តាប្រទេសផ្សេងៗចូលក្នុងខេត្តនេះផង។ នេះបើតាមការឲ្យដឹងពីលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជើងហោះហើរមកកាន់ខេត្តសៀមរាបមានចាប់ពី១៥ទៅ១៦ជើងក្នុង១ថ្ងៃ ដែលមានភ្ញៀវទេសចរអន្តរជាតិប្រមាណ១៣០០នាក់ទៅ១៤០០នាក់ក្នុង១ថ្ងៃ។ ដោយឡែកការធ្វើដំណើតាមផ្លូវគោកចូលមកខេត្តសៀមរាបមានប្រមាណពី៦០០ទៅ៧០០នាក់ក្នុងមួយថ្ងៃ។
គួរជម្រាបថា ក្នុងរយៈពេល១០ខែឆ្នាំ២០២២ (មករា-តុលា) ខេត្តសៀមរាបទទួលបានទេសចរសរុបចំនួន១,៧៩២,៥៤៩នាក់កើនឡើង៨៨៦.៣៣៥ភាគរយធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១,៦២៣,២០០នាក់កើនឡើង៨៣០.៤៥ភាគរយ និងទេសចរអន្តរជាតិមានចំនួន១៦៩,៣៤៩នាក់កើនឡើង២២២៤.៣០ ភាគរយ។ បើតាមក្រសួងទេសចរណ៍រយៈពេល១០ខែឆ្នាំ២០២២ដូចគ្នានេះនៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១.៥៧លាននាក់ កើនឡើង៩៩១ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសជាង១០.៨៦លាននាក់កើនឡើង២៣៤ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕