ភ្នំពេញ៖ គិតត្រឹមថ្ងៃ១ ខែធ្នូ ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានទទួលថវិកាចំនួនជាង១៨លានដុល្លារពីសប្បុរសជនសម្រាប់សកម្មភាពដោះមីន ដែលបន្សល់ទុកពីសម័យសង្រ្គាមនឹងត្រៀមថវិកាសន្សំមួយចំនួនទៀតដើម្បីឲ្យឆ្នាំ២០២៥ក្លាយជាឆ្នាំដែលកម្ពុជាគ្មានមីន “ការផ្តល់ដីដោយសុវត្តិភាព និងដោយស្នាមញញឹម”។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឱ្យដឹងតាមផេកផ្លូវការណ៍ថា នៅត្រឹមថ្ងៃ១ ខែធ្នូ ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានទទួលថវិកាចំនួន១៨,៤៧៣,៥៧០ដុល្លារ ដែលចេញពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែព្រមទាំងសប្បុរសជនសម្រាប់ចំណាយលើការដោះមីន។
សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលនឹងបញ្ចេញថវិកាសន្សំចំនួន៣០លានដុល្លារដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីធានាថាឆ្នាំ២០២៥កម្ពុជានឹងអស់គ្រាប់មីនខណៈក្នុងឆ្នាំ២០២៣នឹងត្រូវប្រើថវិការួមជាមួយថវិកាពីដៃគូរអភិវឌ្ឍប៉ុន្តែក្នុងករណីខ្វះសម្រាប់ឆ្នាំ២០២៤និង២០២៥គឺអាជ្ញាធរមីនត្រូវធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីរៀបចំថវិកាប្រចាំឆ្នាំ។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សប្បុរសជនឱ្យបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាពដើម្បីឲ្យឆ្នាំ២០២៥កម្ពុជាគ្មានមីនការផ្តល់ដីដោយសុវត្តិភាពនិងដោយស្នាមញញឹម និងក្លាយជាឆ្នាំគ្មានមនុស្សស្លាប់របួសនិងជាឆ្នាំប្រកបដោយស្នាមញញឹមបន្ទាប់ពីរងគ្រោះដោយគ្រាប់មីនរយៈពេល៥៥ឆ្នាំ៕