លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសម្តែងក្តីរំភើបរីករាយក្រៃលែងចំពោះជោគជ័យនៃការដាក់បញ្ចូល “គុនល្បុក្កតោ” ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (UNESCO) នៅក្នុងកិច្ចប្រជុំលើកទី១៧នៃគណៈកម្មាធិការអន្ដររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្ការយូណេស្កូ នៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក កាលពីយប់មិញ ។
លោកបានចាត់ទុកការចុះបញ្ចី គុនល្បុក្កតោ នេះគឺជាជោគជ័យនិងជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងគ្រប់ជំនាន់សម្រាប់ទុកជាកេរដំណែលឲ្យពិភពលោក និងមនុស្សជាតិទាំងអស់ចូលរួមអភិរក្ស និងអភិវឌ្ឍន៍ចំពោះក្បាច់គុនបុរាណ និងជាសម្បត្តិរបស់បុព្វបុរសខ្មែរហើយក៏ជាការបន្ថែមនូវគុណតម្លៃដ៏វិសេសវិសាលបន្ថែមទៀតសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាបានដាក់បញ្ចូល គុនល្បុក្កតោ ក្នុងការប្រកួតផងដែរ ។
ក្នុងនាមថ្នាក់ដឹកនាំសំខាន់មួយរូបនៃការជំរុញការចុះបញ្ជីក្បាច់គុនអត្តសញ្ញាណជាតិខាងលើលោក ថោង ខុន បានគូសបញ្ជាក់ថា ជាការពិតការរៀបចំឯកសារវីដេអូឯកសារ និងសំណើរពាក់ព័ន្ធនឹងការស្នើសុំអង្គការយូណេស្កូរហូតត្រូវបានអនុម័ត គុនល្បុក្កតោ ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាពេលនេះគឺកើតចេញពីការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងថ្នាក់ដឹកនាំ NOCC, សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមហាគ្រួសារគុនល្បុក្កតោកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកជំនាញជាតិ និងអន្ដរជាតិពិសេសដោយទទួលបានការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។
លោករដ្ឋមន្ដ្រី ថោង ខុន បន្ដថា "ជោគជ័យនេះមិនមែនតែខ្ញុំទេមានព្រឹទ្ធាចារ្យ លោកគ្រូតា និងសកម្មជនសិស្សគុនល្បុក្កតោទាំងអស់ទាំងខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានខិតខំកន្លងមកពិតជាការលះបង់នូវកម្លាំងកាយចិត្ត បញ្ញាស្មារតី និងការតស៊ូក្រាញននៀលក្នុងដំណើរឆ្ពោះទៅដាក់បញ្ចូល គុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌនេះប្រមាណជាង១ទសវត្សរ៍មកហើយ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ព្រឹទ្ធាចារ្យ លោកគ្រូតា កីឡាករ-កីឡាការិនី និងរាជរដ្ឋាភិបាលពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានរៀបចំសំណើដាក់ចូលជាសម្បត្តិបេតិកភណ្ឌនេះ"។
នេះគឺជាជោគជ័យថ្មីមួយទៀត ដើម្បីលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិពិសេសបេតិកភណ្ឌវប្បធម៌អរូបីដែលងាយនឹងបាត់បង់ ។ បើតាមលោក ថោង ខុន កម្ពុជាក៏បានដាក់បញ្ចូលកីឡាគុនល្បុក្កតោទៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នាឆ្នាំ២០២៣ផងដែរ ។ ដូច្នេះការចុះបញ្ជីនេះសបញ្ជាក់ឲ្យឃើញពីការអភិវឌ្ឍ និងអភិរក្ស ក៏ដូចជាការអភិរក្សាដើម្បីការអភិវឌ្ឍន៍ក្បាច់គុនរបស់បុព្វបុរសខ្មែរយ៉ាងពិតប្រាកដ ហើយក៏ជាការលើកនូវគុណតម្លៃដ៏អស្ចារ្យ សម្រាប់ក្បាច់គុនល្បុក្កតោដែលត្រៀមនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជាបន្ទាប់ពីការរង់ចាំអស់រយៈពេល៦៤ឆ្នាំនាឆ្នាំ២០២៣ខាងមុខ ។
លោករដ្ឋមន្ត្រីបន្ថែមថា "បន្ទាប់ពីបានចូលជាបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិនេះយើងនឹងមានការងារជាច្រើនត្រូវធ្វើ។ យើងត្រូវមានការរួមគ្នាទាំងអស់គ្នាថែមទៀតដើម្បីថែរក្សា និងអភិវឌ្ឍន៍ អភិរក្សកីឡាអត្តសញ្ញាណជាតិដែលជាកេរដំណែលនៃដូនតាយើងជាគុណតម្លៃសាកលនេះបន្ថែមទៀត។ យើងមានភារកិច្ចច្រើនទៀតដែលត្រូវធ្វើ វាជាមហិច្ឆតារបស់យើងគឺយើងគ្រោងនឹងឆ្ពោះទៅធ្វើឲ្យសកម្មភាពហ្វឹកហាត់គុនល្បុក្កតោ ឬក៏សកម្មភាពអប់រំ បង្កើតនូវកម្មវិធីអប់រំគុនល្បុក្កតោនៅគ្រប់គ្រឹះស្ថានសិក្សា និងនៅគ្រប់វត្តអារាមទាំងអស់ឲ្យបានជ្រួតជ្រាបពេញទូទាំងប្រទេសហើយបញ្ជ្រាបទៅគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកឲ្យស្គាល់ច្បាស់អំពីព្រលឹងនៃគុនល្បុក្កតោរបស់យើង ដែលមានគុណធម៌ល្អ មានសីលធម៌ល្អ ហើយជាការអប់រំកាយ ការអប់រំចិត្ត ដ៏ប្រពៃសម្រាប់មនុស្សជាតិរស់នៅលើផែនដីនេះ"៕