ភ្នំពេញ៖ សត្វកែះញីមួយក្បាល ដែលក្រុមអ្នកពាក់ព័ន្ធបានខិតខំជួយសង្រ្គោះបានបាត់បង់ជីវិតហើយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារតែស្ថានភាពរបួសធ្ងន់ និងមានភាពគ្រាំគ្រាខ្លាំង។ លោក នេត ភត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា សត្វកែះញីមួយក្បាលដ៏កម្រនេះបានជាប់អន្ទាក់ និងរងរបួសហើយបានស្លាប់ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយពីក្រុមគ្រូពេទ្យខិតខំប្រឹងប្រែងសង្គ្រោះអស់លទ្ធភាពជាច្រើនថ្ងៃរួចមក។
លោកបានសម្ដែងការសោកស្តាយជាទីបំផុតខណៈការស្លាប់របស់សត្វកែះនេះត្រូវបានអ្នកជំនាញបសុសត្វបញ្ជាក់ថា ដោយសារតែរងរបួសធ្ងន់ធ្ងរជាប់អន្ទាក់ព្រានព្រៃដេញវាយចំពោះផ្នែកខាងឆ្វេង និងភ្លាត់ឆ្អឹងជើងមុខខាងឆ្វេង។ រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងទៀតថា សត្វកែះញីមានសុខភាពទន់ខ្សោយដោយសារតែមានផ្ទៃពោះ និងរលូតកូនស្លាប់ក្នុងផ្ទៃហើយរបួសស្បូនខ្លាំងរលូតដល់រលួយខណៈរយៈពេលប៉ុន្មានថ្ងៃមកនេះក្រុមគ្រូពេទបសុសត្វបានខិតខំសង្គ្រោះ តែដោយសារតែស្ថានភាពរបួសធ្ងន់ និងមានភាពគ្រាំគ្រាខ្លាំងមិនអាចឈរបានជាហេតុធ្វើឱ្យសត្វកែះញីដែលជាប្រភេទសត្វកម្រនៅលើសកលលោកមួយក្បាលនេះបានស្លាប់បាត់បង់ជីវិត។
ក្រសួងបរិស្ថានក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមការពារ និងអភិរក្សធនធានធម្មជាតិសត្វព្រៃដែលកម្ពុជាមានឱ្យបានគង់វង្សដោយបញ្ឈប់ការដាក់អន្ទាក់ និងបរបាញ់សត្វគ្រប់ប្រភេទ និងសូមនិយាយថាទេចំពោះសាច់សត្វព្រៃ។ សូមបញ្ជាក់ថា សត្វកែះញីមួយក្បាលនេះត្រូវបានជួយសង្គ្រោះកាលពីថ្ងៃទី២១ ខែវិច្ឆិកា នៅក្នុងខេត្តបាត់ដំបង ដោយមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុសនិងប្រជាពលរដ្ឋក្រោយពីវាត្រូវជាប់អន្ទាក់របស់ព្រាន៕