ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២ (មករា-តុលា) នេះកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១លាន៥៧ម៉ឺននាក់កើនឡើងជិត១ពាន់ភាគរយនេះបើយោងតាមក្រសួងទេសចរណ៍។ របាយការណ៍ដដែលនេះបានបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនាប្រទេសកម្ពុជាក្នុងរយៈពេល១០ខែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២២ គឺមានចំនួនសរុប១,៥៧៥,៩៥៤នាក់ កើនឡើង៩៩១.១ភាគរយ បើធៀបនឹងរយៈពេល១០ខែដូចគ្នានៃឆ្នាំ២០២១។
ក្នុងរយៈពេល១០ខែនេះភ្ញៀវទេសចរអន្តរជាតិមកតាម៖ ផ្លូវអាកាសមានចំនួន៥៥៩,៩១៨នាក់ កើនឡើង៧០៦.៦ភាគរយ, ផ្លូវគោក១,០០៥,៥៤៩នាក់ កើនឡើង ១២៤០.៤ភាគរយ, ផ្លូវទឹក១០,៤៨៧នាក់ កើនឡើង៥២៤២៥០ភាគរយ ខណៈនៅឆ្នាំ២០២១មានតែ២នាក់ប៉ុណ្ណោះ។ ទេសចរបរទេសដែលមកទស្សនាប្រទេសកម្ពុជាច្រើនជាងគេ រួមមាន៖ ថៃ៥៩០,៩៨៤នាក់, វៀតណាម៣៤១,៩៥៣នាក់, ចិន៧៥,៩១៥នាក់, សហរដ្ឋអាមេរិក៦០,៩០៣នាក់, ឡាវ៥៩,៣៦៨នាក់, ឥណ្ឌូណេស៉ី៥៩,១២២នាក់, កូរ៉េខាងត្បូង៤៣,១៧៨នាក់, ម៉ាឡាស៉ី៤០,១៨៤នាក់, បារាំង៣៧,១៥៣នាក់ និងចក្រភពអង់គ្លេស២៨,៥០៥នាក់។
ចំណែកភ្ញៀវទេសចរកម្ពុជាដែលបានធ្វើដំណើរចេញក្រៅប្រទេសមានចំនួន៦៦១,០៧៣នាក់ កើនឡើង៣២៧៦.៣ភាគរយ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ដូចគ្នានេះ។សម្រាប់ភ្ញៀវទេសចរជាតិមានចំនួន៩,៤៧១,០៣៤នាក់ កើនឡើង២០៩.៨ភាគរយ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន១,៣៨៤,៤៩៨នាក់ កើនឡើង៦១៦.៧ភាគរយ៕