“ចាប៉ីដងវែង” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលអង្គការយូណេស្កូសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីលើកទី១១នៅទីក្រុងអាឌីសអាបាបា ប្រទេសអេត្យូពី ដូច្នេះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួប៦ឆ្នាំ។ ចាប៉ីដងវែងគឺជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា និងដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។
ចាប៉ី អាចលេងបានមានអមជាមួយបទចម្រៀងព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។ នេះគឺជាសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីអបអរសាទរខួបនៃការដាក់បញ្ចូលចាប៉ីដងវែងទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ហើយសម្តេចនាយករដ្ឋមន្ត្រីក៏ធ្លាប់បានអំពាវនាវឲ្យជនរួមជាតិបន្តជួយថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិនេះឱ្យនៅគង់វង្សជាបន្តបន្ទាប់ទៀត។
គួរជំរាបជូនថា ចាប៉ីដងវែងរបស់កម្ពុជាត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុង អាឌីស អាបាបាប្រទេសអេត្យូពី ដែលស្ថិតនៅក្នុងបញ្ជីបេតិកភណ្ឌអរូបីត្រូវការការសង្គ្រោះបន្ទាន់។ គណៈកម្មាធិការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ ក៏បានអនុម័តលើការស្នើសុំជំនួយហិរញ្ញវត្ថុចំនួន២៣ម៉ឺនដុល្លាររបស់កម្ពុជា សម្រាប់ការអភិរក្សចាប៉ីដងវែងនេះផងដែរ។ គួររំលឹកថា ចាប៉ី គឺជាឧបករណ៍តន្ត្រីដែលទទួលឥទ្ធិពលពីពុទ្ធសាសនានិងប្រើប្រាស់ក្នុងជីវភាពខ្មែរដូចជា សម្រាប់ការសម្ដែងចាប៉ីក្នុងន័យអប់រំ និងសម្ដែងក្នុងភ្លេងការ អារក្ស និងមហោរី ដែលខុសពីពិណជាឧបករណ៍តន្ត្រីសម្រាប់លទ្ធិទេវនិយមប្រើប្រគំក្នុងវង់ភ្លេងពិណពាទ្យថ្វាយអាទិទេព។ តាមឯកសារស្រាវជ្រាវដោយអង្គការសិល្បៈខ្មែរអមតៈបង្ហាញថា វត្តមានចាប៉ីក្នុងវប្បធម៌ខ្មែរកើតមានឡើងមុនឆ្នាំ១៤៣២ (សតវត្សរ៍ទី១៥) ទៅទៀត។
តាមឯកសារមួយចំនួនបានបង្ហាញថា ចាប៉ីដងវែងមានមុខងារសំខាន់៤យ៉ាងគឺ ទី១, ក្នុងវង់ភ្លេងអារក្សដោយគេយកឧបករណ៍នេះទៅប្រគំចូលជាមួយឧបករណ៍ដទៃទៀតក្នុងពេលលៀងអារក្សម្ដងៗតាំងពីសម័យយូរលង់ណាស់មកហើយ ទី២, ក្នុងវង់ភ្លេងការបុរាណដែលជាប្រពៃណីរបស់ដូនតាយើងតាំងពីរាប់ពាន់ឆ្នាំមកហើយ ទី៣, សម្រាប់កំដរចំរៀងបែបកំណាព្យ ដែលអ្នកច្រៀងត្រេះផងច្រៀងផងមានប្រជាប្រិយបំផុត ទី៤, ក្នុងវង់ភ្លេងមហោរីសម័យដំបូងបង្អស់ប៉ុន្ដែសម័យបច្ចុប្បន្ននេះចាប៉ីដងវែងគ្មានវត្ដមានក្នុងវង់ភ្លេងមហោរីនេះទៀតទេ។
ចាប៉ីដងវែងមានលក្ខណៈពិសេសក្នុងការប្រើសំនៀងត្រួតជាងសំនៀងរាយ។ នៅពេលប្រគំបទណាក៏ដូចជាបទណាដែរគេតែងតែត្រេះខ្សែទាំង២ស្មើគ្នា ប៉ុន្ដែលំនាំសាច់បទ គឺស្ថិតនៅលើខ្សែឯកដោយគេប្រើម្រាមដៃចុចចុះចុចឡើងទៅតាមលំនាំនៅលើខ្សែនេះ រីឯខ្សែគ គេត្រេះបង្ហើរចោលសម្រាប់ជួយបន្ទរសាច់បទប៉ុណ្ណោះ។ ប្រសិនបើគេចង់បានចាប៉ីដងវែងឱ្យមានសំនៀងល្អ ឮខ្លាំងគេត្រូវធ្វើវាតាមពាក្យស្លោកចាស់បុរាណថា “ស្នូករាំង ដងក្រសាំង សន្ទះខ្ទុម្ព គីង្គក់ធ្នង់ ខ្ទង់ឆ្អឹង”។ សាច់ភ្លេងធំៗទាំង៤សម្រាប់លេងកំដរពេលច្រៀងទោលនិងឆ្លើយឆ្លងរួមមាន៖ ទី១. បទផាត់ជាយ៖ ប្រើសម្រាប់នមស្សកា (គុណព្រះរតនត្រ័យ) រំលឹកគុណគ្រូ មាតា បិតា)។ ទី២. បទសំពោង៖ ប្រើសម្រាប់បង្ហាញអារម្មណ៍កំសត់ និរាសព្រាត់ប្រាស។ ទី៣. បទផាត់ជាយក្លាយ៖ ប្រើសម្រាប់រៀបរាប់ដំណើររឿងវែងអន្លាយ។ ទី៤. បទនគររាជ៖ ប្រើសម្រាប់ជូនពរជ័យ៕