ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានដាក់វិន័យផ្អាកការប្រកបវិជ្ជាជីវៈឆ្មបជាបណ្តោះអាសន្នលើឈ្មោះ អ៊ុង ធារិន (រយៈពេល០២ឆ្នាំ) និងផ្អាកសកម្មភាពទីតាំងមន្ទីរសម្រាកព្យាបាលដើមអង្រ្កងស្ថិតក្នុងស្រុកកងពិសី ខេត្តកំពង់ស្ពឺ ក្រោយពេលបង្កឱ្យស្រ្តីម្នាក់បានរងគ្រោះធ្ងន់ធ្ងរដោយសារការរំលូតគភ៌។ ក្នុងសេចក្ដីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រោយទទួលព័ត៌មានស្ដីពីហេតុការណ៍រំលូតគភ៌ក្នុងផ្ទៃស្ត្រីដែលមានឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ នៅមន្ទីរសម្រាកព្យាបាលដើមអង្រ្កងរួចមកក្រសួងសុខាភិបាលបានចុះពីស្រសវជ្រាវដល់កន្លែងកើតហេតុ។
លោក ម៉ម ប៊ុនហេង បានសម្ដែងការសោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើងនិងបានលើកឡើងថា មន្ទីរសម្រាកព្យាបាលដើមអង្ក្រងមានការធ្វេសប្រហែស ខណៈឆ្មបមិនទាន់ទទួលបានការបណ្តុះបណ្តាលបន្ថែមពីការរំលូតគភ៌នៅឡើយទេ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានសម្រេចបិទជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាលដើមអង្គ្រងដើម្បីបន្តនីតិវិធីស្រាវជ្រាវតាមច្បាប់ជាធរមាន និងតម្រូវឱ្យមន្ទីរសម្រាកព្យាបាលដើមអង្រ្កងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានលើបាតុភាពដែលបានកើតមានឡើងខណៈឆ្មប ដែលបានអនុវត្តរំលូតគភ៌ត្រូវបានសម្រេចដាក់ទណ្ឌកម្មខាងវិន័យដោយផ្អាកការប្រកបវិជ្ជាជីវៈឆ្មបជាបណ្តោះអាសន្ន (រយៈពេល០២ឆ្នាំ) យោងតាមមាត្រាទី១៥នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្នស្ត្រីរងគ្រោះឈ្មោះ សឿន ស្រីអូន កំពុងសម្រាកព្យាបាល និងជួយសង្រ្គោះអាយុជីវិតនៅមន្ទីរពេទ្យកាល់ម៉ែតក្រោមការយកចិត្តទុកដាក់ជួយគាំទ្រដល់ការព្យាបាលទាំងស្រុងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕