គោលដៅទេសចរណ៍ដ៏ទាក់ទាញមួយចំនួនមានដូចជា កោះរ៉ុង កោះឋានសួគ៌ កោះសង្សារ កោះក្របី កោះឫស្សី សហគមន៍អេកូទេសចរណ៍ពាមក្រសោបក៏ដូចជាតំបន់ឆ្នេរសមុទ្រនានានៅខេត្តព្រះសីហនុគឺជាគោលដៅទស្សនកិច្ចរបស់គណៈប្រតិភូអន្តរជាតិជាង១០០នាក់ ដែលនឹងអញ្ជើញមកចូលរួម “សន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក” នៅប្រទេសកម្ពុជានាពេលខាងមុខ។
នេះបើតាមការលើកឡើងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើពិភពលោក និងពិធីបុណ្យសមុទ្រលើកទី៩ជុំទី៣នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ សន្និបាតឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោកនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី៩-១៤ខែធ្នូអមជាមួយពិធីបុណ្យសមុទ្រនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលគ្រោងនឹងទទួលប្រតិភូអន្តរជាតិសរុបជាង១២០នាក់នៅទូទាំងពិភពលោកហើយប្រតិភូដែលចូលរួមកិច្ចប្រជុំខាងលើនេះនឹងត្រូវរៀបចំឱ្យមានទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ប្រណីតៗរបស់កម្ពុជា។
លោក ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍បានលើកឡើងថា ប្រតិភូដែលនឹងចូលរួមក្នុងសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកនេះ គឺមានមកពីប្រទេសវៀតណាម ថៃ ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ារ៉ុក កូតឌីវ័រ ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា និងប្រទេសក្នុងតំបន់សមុទ្រការីបង់ (Caribbean Sea)។
មានប្រសាសន៏នៅក្នុងពិធីនោះលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរបានលើកឡើងថា កាលណាកម្ពុជារៀបចំទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ទាំងនោះបានល្អនោះនឹងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទាំងមូលយ៉ាងប្រសើរបំផុតពីព្រោះក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើសាកលលោកគឺមានសមាជិកមានប្រព័ន្ធផ្សព្វផ្សាយច្រើនណាស់ ហើយក៏ដូចជាទីភ្នាក់ងារមួយក្នុងការផ្សព្វផ្សាយណែនាំចង្អុលបង្ហាញទៅកាន់ភ្ញៀវទេសចរបានមានប្រសិទ្ធភាព។ បានន័យថា ប្រសិនបើក្លិបឆ្នេរនេះផ្សព្វផ្សាយពីគោលដៅទេសចរណ៍ទៅកាន់ភ្ញៀវទេសចរនោះនឹងជួយបង្កើនការចូលមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនទៀត។ ពោលគឺឱកាសនេះគឺជាឱកាសពិសេសខ្លាំងណាស់សម្រាប់វិស័យទេសចរណ៍កម្ពុជា។
គួររំឡឹកថា ព្រឹត្តិការណ៍នៃសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងពិធីបុណ្យសមុទ្រនឹងបង្ហាញពីសមត្ថភាពខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងពេលកន្លងមកទាំងការគ្រប់គ្រងថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសមិទ្ធផលនិងហេដ្ឋារចនាសម្ពន្ធក្នុងមូលដ្ឋាន៕