ក្រសួងទេសចរណ៍កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញបានធ្វើសេចក្ដីអំពាវនាវមួយដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់សូមកុំដំឡើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្សដែលត្រូវចូលរួមការប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។ ក្រសួងទេសចរណ៍បានលើកឡើងថា នៅថ្ងៃចន្ទ-អង្គារ ទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅទូទាំងប្រទេស។
ដូច្នេះអនុរក្ស និងសិស្សានុសិស្សអាចនឹងចាំបាច់ត្រូវបំលាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗដែលឆ្ងាយពីទីលំនៅបច្ចុប្បន្នដើម្បីចូលរួមការប្រឡង។ ដូចនេះ “ក្រសួងទេសចរណ៍សូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ពិសេសចំពោះសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្ម ដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួលកុំតម្លើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្សក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ”។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រឡងមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេសដូច្នេះអនុរក្សនិងសិស្សានុសិស្សអាចនឹងចាំបាច់ត្រូវបម្លាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗដែលឆ្ងាយពីលំនៅដ្ឋានបច្ចុប្បន្នដើម្បីចូលរួមការប្រឡងនោះ៕