ភ្នំពេញ៖ តំបន់មួយចំនួនក្នុងប្រទេសកម្ពុជា នឹងបន្តមានធ្លាក់ភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ដោយសារទទួលរងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ និងឥទ្ធិពលពីការប្រសព្វគ្នារវាងជ្រលងនៃសម្ពាធទាបរុញទូលពីសមុទ្រចិនខាងត្បូងនិងទ្រនុងសម្ពាធខ្ពស់ពីខ្ពង់រាបភាគឦសាន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមាពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣០-៣២អង្សាសេ ហើយចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ នឹងអាចមានភ្លៀងតិចតួចនឹងពីថ្ងៃទី៣-៦ ខែធ្នូ អាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅផ្គរ រន្ទះ។
សេចក្ដីប្រកាសដដែលបានឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី ២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ២៩-៣១អង្សាសេ ហើយចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ នឹងអាចមានភ្លៀងតិចតួច នឹងចាប់ពីថ្ងៃទី៣-៦ ខែធ្នូ អាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យមលាយឡំទៅដោយផ្គរ រន្ទះ។ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ដែរថា នៅតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ៣០-៣២ អង្សាសេ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ ផងដែរ៕