ភ្នំពេញ៖ ជនសង្ស័យចំនួន៦១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៤ករណីនៅទូទាំងប្រទេសកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។ យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៦១នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួនក្នុងនោះរួមមាន៖ ការជួញដូរ១០ករណី ឃាត់ខ្លួន២១នាក់, ដឹកជញ្ជូនរក្សាទុក៥ករណី ឃាត់ខ្លួន១១នាក់ (ស្រី១នាក់) និងការប្រើប្រាស់៩ករណីឃាត់ខ្លួន២៩នាក់ ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន (Ice) ទម្ងន់២០០៤៤៣,៩០ក្រាម និង១៤កញ្ចប់តូច, កេតាមីន (Ke) ទម្ងន់៦,០៨ក្រាម និងអ៊ិចស្តាសី (mdma) ទម្ងន់១២,១៤ក្រាម ។ សូមបញ្ជាក់ថា នាពេលថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់ចេញទិសដៅចំនួន៤ចំណុចជាយុទ្ឋសាស្រ្ត ដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀនឱ្យបានជោគជ័យខណៈនិន្នាការនៃការផលិតការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកលជាពិសេសគ្រឿងញៀនសំយោគដែលកំពុងមានការកើនឡើង៕