ល្ខោនខោលវត្តស្វាយអណ្តែត តំណាងឱ្យល្ខោនខោលកម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅថ្ងៃទី២៨ ខែវិច្ឆិកា ២០១៨ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី ហើយដើម្បីអបអរសាទរខួប៤ឆ្នាំចាប់ពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា នេះតទៅនឹងមានផ្ទាំងទស្សនីយភាពពីក្រុមសិល្បៈល្ខោនខោលសម្ដែងជូនសាធារណជនទស្សនាទាំងឥតគិតថ្លៃ។ ប្រធានក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មីលោក ហង់ ភូមិរ៉ា បានឱ្យដឹងថា ដើម្បីអបអរសាទរខួប៤ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំជំនាន់ថ្មីកំពុងហាត់សមត្រៀមសម្ដែងក្នុងកម្មវិធីនេះ។
លោកថា ការសម្ដែងរបស់យុវជនក្រុមមានរយៈពេល២ថ្ងៃគឺនៅថ្ងៃទី២៥ និងទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ ពិធីនេះនឹងរៀបចំនៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ចាប់ពីវេលាម៉ោង៦ល្ងាចនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើតាមកម្មវិធីដែលទទួលបាននៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៦ល្ងាចក្រុមសិល្ប:យុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មីរៀបចំការសម្តែងទស្សនីយភាពសិល្បៈល្ខោនខោល និងរបាំបុរាណនៅក្នុងអគារសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។ នៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៦ល្ងាចក្នុងកម្មវិធីទិវាបេតិកណ្ឌលើកទី៥ក្រោមប្រធានបទ "ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យ នៅទីតាំងកម្មវិធីសាលមហោស្រពកោះពេជ្រ"។
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមសិល្បៈល្ខោនខោលវត្តស្វាយអណ្តែត នឹងមានការបើកពិធីរំលឹកខួបល្ខោនខោលវត្តស្វាយអណ្តែតដែលដាក់ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីពិភពលោកព្រមទាំងមានការសម្តែងឈុតដកស្រង់ពីរឿងរាមកេរ្តិ៍ ឈុត ភិភេកព្រាត់លង្ការ នៅក្នុងបរិវេណវត្តស្វាយអណ្តែត។ កាលពីរាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ម្សិលមិញក្រុមយុវជនល្ខោនខោលកម្ពុជាក៏បានសម្ដែងល្ខោនខោល ឈុតចម្បាំងទូភីឆនៅវិទ្យាស្ថានបារាំង (សាលាអាលីយ៉ង់) ផងដែរដោយមានទស្សនិកជនជាតិ និងអន្តរជាតិចូលរួមទស្សនាយ៉ាងច្រើនកុះករ។ គួរបញ្ជាក់ថា ល្ខោនខោលជាល្ខោនមួយបែបដែលពាក់មុខខ្មុកសម្តែងហើយជាទូទៅតួអង្គសុទ្ធតែមនុស្សប្រុស និងសម្តែងបានតែក្នុងឈុតឆាករឿងរាមកេរ្តី៍តែប៉ុណ្ណោះ។ ល្ខោននេះធ្វើកាយវិការតាមសំឡេងពោលហើយកំដរដោយភ្លេងពិណពាទ្យ។ ផ្អែកទៅលើការសិក្សាតាមរយៈសិលាចារឹកបុរាណ អ្នកស្រាវជ្រាវយល់ថា ល្ខោនខោល មានដើមកំណើតពីល្ខោនភាណីជាប្រភេទល្ខោនដែលមានអ្នកពោលរៀបរាប់សាច់រឿង ហើយឃើញមានយ៉ាងហោចណាស់ក៏ចាប់ពីសម័យអង្គរសតវត្សទី៩ដល់១៤។
ល្ខោនខោល វត្តស្វាយអណ្ដែតឆ្នាំ១៩៦៨សព្វថ្ងៃនេះសង្កេតឃើញមានការសម្តែងល្ខោនខោលពីរបែបគឺដើម្បីកំសាន្ត ឬជាប់នឹងកិច្ចសាសនាបន្តិចបន្តួចនិងល្ខោនដែលនៅជាប់នឹងជំនឿក្នុងសហគមន៍។ ក្រុមល្ខោនខោលប្រភេទទី១មានដូចជាក្រុមល្ខោនលោកតា ជា ហ៊ា ខេត្តបាត់ដំបង ដែលជាក្រុមជួលសម្តែងកម្សាន្តក្នុងពិធីបុណ្យទាននានា។ ក្រុមសិល្បៈខោលខេត្តបាត់ដំបងចំណែកនៅរាជធានីភ្នំពេញមានក្រុមល្ខោននៃនាយកដ្ឋានសិល្បៈទស្សនីយភាព និងសាលាមធ្យមវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមល្ខោនខោលយុវជនល្ខោនខោលកម្ពុជាហើយនៅខេត្តកំពង់ធំមានក្រុមល្ខោនខោលមន្ទីរវប្បធម៌ខេត្តដែលច្រើនតែដំឡើងល្ខោននេះសម្រាប់សម្តែងលេងកម្សាន្តក្នុងឱកាសពិសេសនានាក្នុងកម្រិតជាតិ៕