ភ្នំពេញ៖ រដ្ឋមន្រ្តីការពារជាតិប្រទេសអូស្ត្រាលីប្តេជ្ញាពង្រឹងភាពជាដៃគូការពារជាតិជាមួយកម្ពុជាខណៈទំនងទ្វេភាគីរបស់ប្រទេសទាំងពីរឈានដល់ខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត។ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានឱ្យដឹងថា លោក Richard Marles រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីបានសម្ដែងក្តីរីករាយដែលបានជួបសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសកម្ពុជាសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក។
លោក Richard Marles បានចាត់ទុកថា ឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគីរបស់អូស្ត្រាលី និងកម្ពុជានៅពេលប្រទេសទាំងពីរប្រារព្ធខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត។ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីបានគួសបញ្ជាក់ថា ប្រទេសអូស្ត្រាលីនៅតែប្តេជ្ញាពង្រឹងភាពជាដៃគូការពារជាតិជាមួយកម្ពុជា ដើម្បីគាំទ្រដល់ចក្ខុវិស័យរួមសម្រាប់តំបន់ដែលបើកចំហប្រកបបរិយាបន្ននិងមានភាពធន់។
គួរកត់សម្គាល់ថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានសម្តែងនូវមោទកភាពខ្ពស់ចំពោះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូកលើកទី៩ក្រោមប្រធានបទ (សាមគ្គី ដើមី្បសន្តិសុខ និងភាពសុខដុម ) ខណៈកិច្ចប្រជុំនេះបានបង្ហាញពីការសាមគ្គីភាព និងឯកភាពយូអង្វែងរបស់អាស៊ានក្នុងការលើកកម្ពស់សន្តិភាព និងសេរីភាពនៅក្នុងតំបន់៕