ការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនបានកម្ទេចប្រព័ន្ធថាមពលទូទាំងតំបន់ធំៗនៅក្នុងប្រទេសនិងផ្នែកមួយចំនួននៃប្រទេស Moldva ដែលជាប្រទេសជិតខាង ហើយប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy បានហៅការវាយប្រហារនេះថា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោកZelenskyបានជូនដំណឹងដល់កិច្ចប្រជុំបន្ទាន់តាមរយៈប្រព័ន្ធវីដេអូនៃអង្គការសហប្រជាជាតិកាលពីថ្ងៃពុធថា នៅពេលដែលយើងស្ថិតក្រោមសីតុណ្ហភាពក្រោមសូន្យអង្សារហើយប្រជាជនរាប់លាននាក់រស់នៅដោយគ្មានការផ្គត់ផ្គង់ថាមពល គ្មានកំដៅ គ្មានទឹកនោះវាគឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
អាជ្ញាធរបាននិយាយថា នៅក្នុងរដ្ឋធានី Kyiv ដែលជាកន្លែងផ្គត់ផ្គង់ទឹក៏កត្រូវបានកាត់ផ្តាច់ផងដែរនៅពេលដែលគ្រាប់រ៉ុក្កែតបានវាយប្រហារទៅលើអគារពីរជាន់កាលពីថ្ងៃពុធបានធ្វើឲ្យជនស៊ីវិលស្លាប់និងរបួសជាច្រើនយ៉ាងតិចណាស់មាន ជនស៊ីវិលចំនួន៦នាក់ស្លាប់ និង៩នាក់រងរបួស ។ តំបន់ជាច្រើនបានរាយការណ៍ពីការវាយប្រហារជាបន្តបន្ទាប់គ្នាភ្លាមៗនៅពេលដែលរុស្ស៊ីបន្តយុទ្ធនាការរបស់ខ្លួនក្នុងការកម្ទេចសេវាកម្មសំខាន់ៗរបស់អ៊ុយក្រែនមុនពេលរដូវរងាមកដល់។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន “កំពុងបំពាក់សព្វាវុធយ៉ាងច្បាស់លាស់ ដើម្បីបង្កការឈឺចាប់ដល់ប្រជាជនអ៊ុយក្រែន”។
មុនរលកនៃការវាយប្រហារចុងក្រោយបំផុត លោក Zelenskyy បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនប្រហែលពាក់កណ្តាលរួចទៅហើយ។ គួរបញ្ជាក់ថា ការដាច់ចរន្តអគ្គិសនីក៏បានប៉ះពាល់ដល់ទីក្រុងភាគខាងជើងនៃទីក្រុង Kharkov ភាគខាងលិចនៃទីក្រុង Lviv តំបន់ Chernihiv នៅភាគខាងជើងអ៊ុយក្រែន និងតំបន់ Odesa នៅភាគខាងត្បូង។ លោក Anton Gerashchenko ទីប្រឹក្សារដ្ឋមន្ត្រីនៃប្រទេសអ៊ុយក្រែនបានកត់សម្គាល់ថា ការវាយប្រហារបានកើតឡើងភ្លាមៗបន្ទាប់ពីសភាអឺរ៉ុបបានប្រកាសថាប្រទេសរុស្ស៊ីជាអ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្ម ។