ភ្នំពេញ៖ ការធ្វើតេស្តរកសារធាតុញៀនលើអ្នកបើកបរយានយន្តដឹកជញ្ជូន នឹងត្រូវរៀបចំដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ខណៈមន្រ្តីរំពឹងថា ការកែសម្រួលអត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា។ យោងតាមលទ្ធផលនៃកិច្ចប្រជុំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្រោមវត្តមានរបស់លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារសិក្សានិងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ក្រុមការងារសិក្សា និងវិសោធនកម្មច្បាប់គ្រោងនឹងរៀបចំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់នេះនៅពេលខាងមុខ។
ខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីត្រូវបានយកមកពិភាក្សាយ៉ាងល្អិតល្អន់ដោយកែសម្រួលអត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយសំដៅឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមកនៅកម្រិតទាបបំផុត។
ជាមួយគ្នានេះ អង្គប្រជុំក៏បានពិភាក្សាលើវាក្យសព្ទមាត្រាកែសម្រួលថ្មី និងមាត្រាបន្ថែមថ្មីនៃសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី និងជាពិសេសការធ្វើតេស្តរកសារធាតុញៀនលើអ្នកបើកបរយានយន្តដឹកជញ្ជូន។ អង្គប្រជុំបានឯកភាពរៀបចំចងក្រងសេចក្តីព្រាងច្បាប់នេះឱ្យបានច្បាស់លាស់ ដើម្បីដាក់ប្រជុំឆ្លងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលបន្ទុកជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ៕