សៀមរាប៖ ទស្សនសំខាន់ៗចំនួន៥ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រធានអាស៊ានប្ដូរវេនធ្វើការចែករំលែកក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូកលើកទី៩ ដែលបានធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទស្សនរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងមានចំនួន៥ចំណុចរួមមាន៖
ទី១. លើកកម្ពស់មជ្ឈភាពអាស៊ាន ដែលជាទូទៅសំដៅទៅលើតួនាទីប្រមូលផ្តុំរបស់អាស៊ានក្នុងការដាក់ចេញនូវរបៀបវារ និងសមត្ថភាពក្នុងការកំណត់ និងកែប្រែលទ្ធផល ។
ទី២. លើកកម្ពស់និម្មាបនកម្មសន្តិសុខតំបន់ដោយផ្អែកលើច្បាប់ប្រកបដោយបរិយាបន្ន និងបើកចំហខណៈទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិកគឺជាយានដ៏សំខាន់មួយ ដើម្បីសម្រេចបាននូវនិម្មាបនកម្មសន្តិសុខតំបន់ ។
ទី៣. ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិដែលផ្អែកលើការជឿទុកចិត្តនិងប្រជាជនជាស្នូល ។
ទី៤. លើកកម្ពស់សន្តិសុខគ្រប់ជ្រុងជ្រោយ និងទី៥. លើកកម្ពស់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ ។
សូមបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជាជាអ្នករៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន ADMM – Retreat – កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី៩ (9th ADMM-Plus) និងកិច្ចប្រជុំពាក់ព័ន្ធពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងសៀមរាប ខេត្តសៀមរាប។
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងផ្តោតជាសំខាន់លើការផ្លាស់ប្តូរទស្សនៈស្តីពី "ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយភាពសុខដុម"៕