ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចផ្អាកការសុំផ្ទេរក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលទៅក្នុងក្របខ័ណ្ឌនគរបាលជាតិ ដើម្បីលើកកម្ពស់គុណភាពនិងសមត្ថភាពមន្ត្រីនគរបាលជាតិ ក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។
នៅក្នុងពិធីនេះសម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ការសម្រេចផ្អាកនេះនឹងធ្វើឡើងចាប់ពីអនុប្រធានការិយាល័យ ឬថ្នាក់ប្រហាក់ប្រហែលឡើងជាបណ្ដោះអាសន្ន ប៉ុន្តែលើកលែងក្នុងករណីមានសំណើរចាំបាច់របស់អង្គភាពប្រើប្រាស់កម្លាំងប៉ុណ្ណោះ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍លើកឡើងទៀតថា មូលហេតុនៃការផ្អាកផ្ទេរក្របខ័ណ្ឌនេះគឺដើម្បីពង្រឹងគុណភាពខណៈអ្នកដែលបានផ្ទេរចូលកន្លងមកពុំបានឆ្លងកាត់វគ្គជំនាញ និងពុំមានសមត្ថភាពដឹកនាំ។
សម្ដេចក្រឡាហោម ស ខេង បានគួសបញ្ជាក់ឱ្យដឹងដែរថា នាកន្លងទៅនេះមានការសុំផ្ទេរក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលចូលក្រសួងមហាផ្ទៃចំនួន១៥៨៤នាក់ ហើយក្រោយមកមានអ្នកទៅរៀនតាមគោលការណ៍ចំនួន៣០៧នាក់ខណៈចំនួនជាង១០០០នាក់ទៀតពុំបានចូលរៀននោះទេ៕