ក្រសួងការពារជាតិនៃប្រទេសរុស្ស៊ីបានដកស្រង់វីដេអូមួយផ្សព្វផ្សាយនៅលើបណ្តាញសង្គមបង្ហាញពីការប្រហារជីវិតទាហានចំនួន១២នាក់។ ក្រសួងការពារជាតិប្រទេសរុស្ស៊ីកាលពីថ្ងៃសុក្របានចោទប្រកាន់អ៊ុយក្រែនពីបទប្រហាជីវិតអ្នកទោសសង្គ្រាមជនជាតិរុស្ស៊ីចំនួនជាង១០នាក់ ដែលត្រូវបានហៅថា “សង្គ្រាមឧក្រិដ្ឋកម្ម” ដែលជាការចោទប្រកាន់ចុងក្រោយនៃការរំលោភបំពាននៅក្នុងសង្គ្រាមរុស្ស៊ីអ៊ុយក្រែនដែលមានរយះពេលជិត៩ខែ។ ក្រសួងការពារជាតិក៏បានដកស្រង់វីដេអូមួយដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមដែលត្រូវបានបង្ហាញថា ការធ្វើប្រហារជីវិតទាហានរុស្ស៊ី។ យ៉ាងណាមិញភ្នាក់ងារ Reuters មិនអាចបញ្ជាក់ ឬផ្ទៀងផ្ទាត់ថាទាំងនេះគឺជាវីដេអូ ឬការអះអាងរបស់ក្រសួងឡើយ។
ក្រសួងការពារជាតិក៏បានបញ្ជាក់ថែមទៀតថា ការសម្លាប់ទាហានយ៉ាងព្រៃផ្សៃនេះមិនមែនជាឧក្រិដ្ឋកម្មលើកដំបូងទេហើយនេះគឺជាការអនុវត្តទូទៅនៅក្នុងកងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែនដែលត្រូវបានគាំទ្រដោយរបប Kyiv ហើយមិនអើពើដោយសម្ព័ន្ធមិត្តរបស់ខ្លួនគឺលោកខាងលិច។ ការអះអាងពីការចោទប្រកាន់នេះមិនមានការឆ្លើយតបពីអ៊ុយក្រែននោះទេ។ អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មម្តងហើយម្តងទៀត ប៉ុន្តែរុស្ស៊ីបានបដិសេធពីការចោទប្រកាន់នេះ។ វីដេអូនេះហាក់ដូចជាបង្ហាញទាហានរុស្ស៊ីដេកដួលនៅលើដីនៅ Makiivka ក្នុងតំបន់ Luhansk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន បន្ទាប់ពីបានចុះចាញ់នឹងកងកម្លាំងប្រដាប់អាវុធដែលមានខ្សែពណ៌លឿងនៅលើដៃ។
បន្ទាប់មកការបាញ់កាំភ្លើងស្វ័យប្រវត្តិក៏ផ្ទុះឡើងហើយវីដេអូបង្ហាញសាកសពប្រហែលចំនួន១២នាក់ គេមិនដឹងច្បាស់ថាតើវីដេអូនោះត្រូវបានថតនៅពេលណា ឬត្រូវបានថតដោយអ្នកណាឡើយ។ គណៈកម្មាធិការស៊ើបអង្កេតឧក្រិដ្ឋកម្មធ្ងន់ធ្ងររបស់ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានបើកសំណុំរឿងព្រហ្មទណ្ឌមួយដែលទាក់ទងការប្រហារជីវិតទាហានរុស្ស៊ីដែលគ្មានអាវុធចំនួនយ៉ាងតិចណាស់១១នាក់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា អ្នកស៊ើបអង្កេតកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណមនុស្សដែលបានថតវីដេអូនេះផងដែរ។