ជាក់ស្តែងមានរឿងច្រើនដែលយើងគ្រប់គ្នាគួរធ្វើដើម្បីថែរក្សាសុខភាពឲ្យបានល្អដូចជាការធ្វើលំហាត់ប្រាណ ទទួលទានអាហារ និងទឹកឲ្យបានគ្រប់គ្រាន់។ ប៉ុន្តែមានមូលហេតុខ្លះបង្ហាញថាការចូលដំណេកឲ្យបានគ្រប់គ្រាន់ពុំសូវនៅខាងលើនៅក្នុងបញ្ជីនោះទេ។ យោងតាមអ្នកជំនាញគុណភាពនៃការគេងពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពរាងកាយនិងផ្លូវចិត្ត។ ខាងក្រោមនេះជាហេតុផលសំខាន់ៗចំនួន៤ ដែលបញ្ជាក់ពីសារៈប្រយោជន៍នៃការគេងសម្រាប់សុខភាពផ្លូវចិត្តនិងរាងកាយរបស់អ្នក៖
១ ជួយដល់មុខងារខួរក្បាល
ពេលយើងគេងលក់ស្កប់ស្កល់នោះយើងមានការប្រុងប្រយ័ត្ន និងមានស្មារតីកាន់តែច្បាស់លាសជាងមុន។ ចំពោះការសិក្សាការដោះស្រាយបញ្ហា និងការសម្រេចចិត្តគឺងាយស្រួលជាង។ ប៉ុន្តែពេលយើងគេងមិនលក់ដំណើរការខួរក្បាលរបស់យើងរងទុក្ខនិងចុះខ្សោយ។ ការគេងមិនលក់អាចបង្ខូចការវិនិច្ឆ័យរបស់យើង ដែលនាំទៅដល់គ្រោះថ្នាក់ធ្ងន់ធ្ងរ។ តាមពិតទៅការនឿយហត់គឺជាមូលហេតុមួយចម្បងនៃការបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
២ រក្សាអារម្មណ៍បានល្អ
នៅពេលដែលយើងសម្រាកបានគ្រប់គ្រាន់យើងអាចគ្រប់គ្រងអារម្មណ៍ និងអាកប្បកិរិយារបស់យើងបានប្រសើរជាងមុន។ ឧទាហរណ៍ បើគ្មានការគេងគ្រប់គ្រាន់មនុស្សពេញវ័យអាចមានអារម្មណ៍ប្រែប្រួល ហើយកុមារអាចមានភាពច្របូកច្របល់ ឬមានបញ្ហាក្នុងការចុះសម្រុងជាមួយអ្នកដទៃ។ ការគេងមិនលក់ក៏មានទំនាក់ទំនងទៅនឹងការធ្លាក់ទឹកចិត្ត ការធ្វើអត្តឃាត និងអាកប្បកិរិយាប្រថុយប្រថានផងដែរ។
៣ កាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ
អ្នកដែលគេងមិនលក់អាមមានហានិភ័យខ្ពស់នៃជំងឺជាច្រើនដូចជា ជំងឺបេះដូង ជំងឺតម្រងនោម ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមខួរក្បាល។ លើសពីនេះការគេងមិនគ្រប់គ្រាន់ក៏ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់យើងដែរ។ បុគ្គលដែលគេងមិនគ្រប់គ្រាន់អាចមានការលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគទូទៅ ដូចជាជំងឺផ្តាសាយជាដើម។
៤ រក្សាទំងន់បានល្អ
ការគេងមិនលក់ប៉ះពាល់ដល់សមត្ថភាពរាងកាយរបស់យើងក្នុងការគ្រប់គ្រងអ័រម៉ូនចំណង់អាហារ ដូច្នេះអ្នកដែលមានទម្លាប់គេងមិនគ្រប់គ្រាន់ទំនងជាមានចំណង់អាហារធំជាង ហើយបរិភោគច្រើនជាងអ្នកដែលគេងបានគ្រប់គ្រាន់។ ជាការពិតការសិក្សាមួយបានបង្ហាញថា មនុស្សពេញវ័យដែលគេងមិនលក់គឺមានចំនួន៥៥%ទំនងជាធាត់។ ប្រសិនបើអ្នកកំពុងព្យាយាមបញ្ចុះទម្ងន់ការសម្រាកពេលយប់គឺជារឿងសំខាន់ណាស់សម្រាប់អ្នក។
បរិមាណដំណេកត្រឹមត្រូវខុសគ្នាសម្រាប់បុគ្គលម្នាក់ៗហើយវាអាស្រ័យលើអាយុ។
The National Sleep Foundation បានណែនាំឲ្យគេងដូចខាងក្រោម៖
-
ទារកទើបនឹងកើត (0-3 ខែ): 14-17 ម៉ោង។
-
ទារក (4-11 ខែ): 12-15 ម៉ោង។
-
ក្មេងទើបចេះដើរតេះតះ (1-2 ឆ្នាំ): 11-14 ម៉ោង។
-
មត្តេយ្យសិក្សា (3-5ឆ្នាំ): 10-13 ម៉ោង។
-
កុមារអាយុសិក្សា (6-13ឆ្នាំ): 9-11 ម៉ោង។
-
ក្មេងជំទង់ (14-17ឆ្នាំ): 8-10 ម៉ោង។
-
មនុស្សពេញវ័យជំទង់ (18-25ឆ្នាំ): 7-9 ម៉ោង។
-
មនុស្សពេញវ័យ (26-64ឆ្នាំ): 7-9 ម៉ោង។
-
មនុស្សចាស់ (65ឆ្នាំ+): 7-8 ម៉ោង។