បំណែកផូស៊ីលឆ្អឹងដាយណូស័រនៅកោះប៉ោជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង ត្រូវបានក្រុមការងារជំនាញកម្ពុជា និងមកពីប្រទេសបារាំង និងស្វីសរួមគ្នាគាស់ចេញពីថ្មភក់យកមករក្សាទុកនៅក្រសួងបរិស្ថាន ហើយនឹងបន្តយកទៅតំកល់ទុកនៅសារៈមន្ទីរនៅថ្ងៃខាងមុខសម្រាប់សិក្សាស្រាវជ្រាវបន្តទាំងវិស័យទេសចរណ៍និងវិស័យផ្សេងៗទៀត។ តាមរយៈក្រុមការងារអ្នកជំនាញដែលបានចុះស្រាវជ្រាវ និងធ្វើការគាស់ផូស៊ីលឆ្អឹងដាយណូស័រការងារនេះបានទទួលជោគជ័យបន្ទាប់ពីតស៊ូយ៉ាងស្វិតស្វាញពេញមួយថ្ងៃរួចមក។ បើតាមក្រសួងបរិស្ថានការចុះគាស់ផូស៊ីលដាយណូស័រនេះចាប់តាំងតែពីម៉ោង៨ព្រឹករហូតដល់ម៉ោង៤និង២៦ រសៀល។
សូមរំលឹកថា ផូស៊ីលដាយណូស័រដែលបានរកឃើញជាលើកដំបូងនៅប្រទេសកម្ពុជានេះត្រូវបានអ្នកជំនាញសម្រេចចិត្តរួមគ្នាក្នុងការធ្វើការគាស់យកមករក្សាទុកនៅក្រសួងបរិស្ថានសម្រាប់សិក្សាស្រាវជ្រាវបន្ត និងក៏ដូចជាត្រូវយកទៅតំកល់ទុកនៅសារៈមន្ទីរថ្ងៃខាងមុខ។ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌នៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់ថា ក្នុងការតស៊ូរបស់ក្រុមមន្រ្តីជំនាញ និងពិសេសក្រុមអ្នកជំនាញមកពីប្រទេសបារាំង និងស្វីសទីបំផុតការគាស់យកបំណែកផូស៊ីលឆ្អឹងសត្វដាយណូស័រទទួលបានជោគជ័យហួសពីការគិតទុកទៅទៀត។ លោកបានមានប្រសាសន៍ថា ”កាលពីកាត់ដំបូងយើងគិតថាត្រូវកាត់រយៈពេលយូរថ្ងៃពោលគឺអាចចាប់ពី២ទៅ៣ថ្ងៃ ឬអាចអូសបន្លាយពេលដល់មួយសប្តាហ៍ផង ប៉ុន្តែទីបំផុតយើងបានទទួលជោគជ័យហួសពីការគិតទុក។ ទាំងនេះដោយសារក្រុមការងារបានស្វិតស្វាញខ្លាំងក្លាបំផុតហើយដោយការរួមគ្នាកម្លាំងគ្នាយើងក៏ទទួលបានជោគជ័យធំបំផុត”។
លោកបានថ្លែងប្រាប់ឱ្យដឹងបន្ថែមថា បន្ទាប់ពីគាស់បានសម្រេចជោគជ័យនេះមកក្រុមការងារក្រសួងបរិស្ថានយកបំណែកផូស៊ីលឆ្អឺងណាយដូស័រទាំងមូលនៃឆ្អឹងមួយដុំនេះហើយ លោកនឹងយកវាទៅរក្សាទុកនៅក្រសួងបរិស្ថាននៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ទាក់ទិនក្នុងរឿងនេះលោក អេរិក ប៊ីហ្វហ្វេតូ (EricBuffetaut) អ្នកជំនាញការស្រាវជ្រាវទៅលើផូស៊ីលសត្វដាយណូស័រមកពីប្រទេសបារាំង ដែលបានចូលរួមដោយផ្ទាល់ក្នុងការគាស់យកបំណែកផូស៊ីលឆ្អឺងដាយណូស័រនេះបានបង្ហាញក្តីរំភើបពីការគាស់យកបំណែកផូស៊ីលឆ្អឺងដាយណូស័រនេះហើយលោកសង្ឃឹមថា វានឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវទាំងផ្នែកវិស័យទេសចរណ៍និងវិស័យផ្សេងៗទៀត។
ជាមួយគ្នា តាមរយៈការស្រាវជ្រារកឃើញផូស៊ីលសត្វដាយណូស័រនេះលោកនិងក្រុមការងារនឹងបន្តសិក្សាស្រាវជ្រាវបន្ថែមទៀតនៅប្រទេសកម្ពុជាក្នុងនេះដូចជានៅខេត្តពោធិ៍សាត់ និងបាត់ដំបងបន្ទាយមានជ័យនៅថ្ងៃខាងមុខនេះផងដែរ។ តាមមន្រ្តីជំនាញទាំងក្រសួងបរិស្ថាននិងបរទេសបានឱ្យដឹងថា ផូស៊ីលឆ្អឹងសត្វដាយណូស័រនេះអាចមានអាយុកាល៦៥លាន-១៩០លានឆ្នាំមុន ហើយនេះក៏ជាផូស៊ីលឆ្អឹងសត្វដំបូងគេដែលរកឃើញនៅកម្ពុជា។ សម្រាប់បំណែកផូស៊ីលដាយណូស័រនេះដែរកប់ជាប់ក្នុងថ្មភក់ ហើយវាមានប្រវែង៧០សង់ទីម៉ែត្រនិងទទឹង២០សង់ទីម៉ែត្រ៕