ភ្នំពេញ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអំពាវនាវដល់សាធារណជនក្នុងខេត្តសៀមរាបឱ្យចូលរួមសហការតាមការណែនាំរបស់អាជ្ញាធរ ខណៈខេត្តសៀមរាបបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស្នើសុំសាធារណជនទាំងអស់ជាពិសេសភូមិសាស្ត្រក្នុងខេត្តសៀមរាបមេត្តាចូលរួមដោយសេចក្តីស្មោះត្រង់អស់ពីដួងចិត្តក្នុងការរួមចំណែកការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនគណៈប្រតិភូជាតិ អន្តរជាតិ។
លោកបានលើកឡើងថា ក្នុងពេលកំពុងធ្វើដំណើរតាមដងផ្លូវសូមមេត្តាប្រុងប្រយ័ត្នកុំឆ្លងកាត់ និងសុំអែបស្តាំអំឡុងពេលដែលក្បូនរបស់គណៈប្រតិភូធ្វើដំណើរមកដល់ និងកុំរំខានដល់គណៈប្រតិភូនៅចំណុចទីតាំងអាកាសយានដ្ឋានអន្តរជាតិ, កន្លែងស្នាក់នៅ, កន្លែងប្រជុំ, កន្លែងទស្សនកិច្ច និងទីលានកីឡា...។ល។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា បុគ្គលដែលគ្មានភារកិច្ចឬសមត្ថកិច្ចក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់នេះ សូមកុំរំខានកងកម្លាំង ឬមន្ត្រីដែលកំពុងបំពេញភារកិច្ចនេះ។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានគួសបញ្ជាក់ដែរថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធកិច្ចប្រជុំនានានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ នៅខេត្តសៀមរាប៕