នៅក្នុងឱកាសបុណ្យចូលឆ្នាំសកលខាងមុខនេះរដ្ឋបាលខេត្តកំពត នឹងរៀបចំកម្មវិធីសប្បាយៗជាច្រើនដើម្បីទទួលភ្ញៀវទេសចរណ៍ហើយនៅទឹកដីខេត្តកំពតនេះក្រៅពីកម្មវិធីដែលរៀបចំដោយអាជ្ញាធរខេត្ត ក៏មានតំបន់ទេសចរណ៍ជាច្រើនទៀតសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ធ្វើដំណើរកម្សាន្តផងដែរ។ ថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤២របស់ក្រុមប្រឹក្សាខេត្តកំពតអាណត្តិទី៣កាលពីថ្មីៗនេះលោក ម៉ៅ ធនិន បានមានប្រសាសន៍ថា បន្ទាប់ពីវិបត្តិកូវីដ-១៩បានធូរស្បើយនិងការបើកប្រទេសឡើងវិញ ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជាបានបង្ហាញអំពីភាពល្អប្រសើរតាមរយៈកំណើននៃការដើរកម្សាន្តរបស់ភ្ញៀវជាតិ និងអន្តរជាតិផ្ទៃក្នុង។
ដោយឡែកខេត្តកំពតទើបតែបានបញ្ចប់ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ប្រកបដោយជោគជ័យជាមួយនឹងការមកចូលរួមកម្សាន្តរបស់ភ្ញៀវរហូតដល់ជាង៥៨ម៉ឺននាក់។ ដោយឡែកសម្រាប់ព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២២ឈានចូលឆ្នាំ២០២៣ខាងមុខរដ្ឋបាលខេត្តក៏បាន និងកំពុងត្រៀមរៀបចំកម្មវិធីសប្បាយៗជាច្រើនដើម្បីទាក់ទាញទេសចរ។ ទោះជាយ៉ាងណាលោកអភិបាលខេត្តមិនទាន់បញ្ជាក់ថា កម្មវិធីសប្បាយៗនោះនឹងមានអ្វីខ្លះនោះទេ។ លោកអភិបាលខេត្តបានបញ្ជាក់ថា ក្រៅពីការខិតខំអភិវឌ្ឍរដ្ឋបាលខេត្ត នឹងរៀបចំជាព្រឹត្តិការណ៍សប្បាយៗទ្រង់ទ្រាយធំក្នុងឱកាសបុណ្យទានផ្សេងៗឲ្យបានច្រើនដងក្នុងមួយឆ្នាំៗដើម្បីទាក់ទាញទេសចរ និងដើម្បីជួយដល់ជីវភាពប្រជាពលរដ្ឋទូទាំងខេត្តឱ្យបានល្អប្រសើរ ពិសេសជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តតែម្តង។
លោក ម៉ៅ ធនិន បានបញ្ជាក់ថា ពិតណាស់ការរៀបចំព្រឹត្តិការណ៍ធំៗនឹងធ្វើមន្ត្រីនៃរដ្ឋបាលខេត្តហត់នឿយ និងអស់ថវិកាប៉ុន្តែបានបង្ហាញនូវកិច្ចអភិវឌ្ឍអំពីសុខសុវត្ថិភាព សន្តិភាពក៏ដូចជាភាពសម្បូរសប្បាយ ដែលអាចស្រូបទាញអ្នកវិនិយោគព្រមទាំងទេសចរឱ្យមកចំណាយលុយសម្រាប់គ្រួសារពលរដ្ឋខេត្តកំពតទាំងមូល។ បើតាមលោកអភិបាលខេត្តការរៀបចំព្រឹត្តិការណ៍សប្បាយៗក្នុងខេត្តប្រៀបបាននឹងការយកគ្រាប់ពូជមួយតៅទៅសាបព្រោះដើម្បីទទួលបានផលរាប់តោនត្រឡប់មកវិញដូច្នោះដែរ៕