កសិដ្ឋានចិញ្ចឹមសត្វអូទ្រីស និងចៀមមួយកន្លែងស្ថិតនៅក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុឬហៅថា កសិដ្ឋានកសិកទេសចរណ៍ “អូរត្រជាក់ចិត្ត” កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ ដែលកសិដ្ឋាននោះភ្ជាប់មកផ្លូវជាតិលេខ៤ត្រង់ចំណុចរង្វង់មូលផ្លូវសម្ដេចព្រះសង្ឃរាជ្យទេពវង្ស។ កសិដ្ឋានខាងលើនេះបានបើកឲ្យដំណើរការតាំងពីឆ្នាំ២០២០មកម្លេះគឺមានរយៈពេលជាងពីរឆ្នាំមកហើយនៅលើផ្ទៃដីសរុប៣០ហិកតាដោយមានចិញ្ចឹមសត្វចៀមចំនួន៥៨០ក្បាល និងសត្វអូទ្រីសជាង៥០០ក្បាល ដើម្បីបម្រើដល់វិស័យទេសចរណ៍។
បើតាមអ្នកគ្រប់គ្រងក្នុងជំហានដំបូងការចិញ្ចឹមនេះបានជួបនូវបញ្ហាជំងឺមួយចំនួនផងដែរដោយសត្វអូទ្រីសមួយចំនួនបានងាប់ព្យាបាលមិនទាន់។ បញ្ហាទាំងអស់នេះ គឺបណ្ដាលមកពីអាកាសធាតុប្រែប្រួលព្រោះសត្វទាំងនោះបានយកមកពពីភូមិសាស្ត្រផ្សេងគ្នាមានពូជក្នុងស្រុក និងមកពីបរទេសហើយមួយវិញទៀតការរៀបចំកន្លែងក៏មិនទាន់បានទៅតាមស្តង់ដារ។ មកដល់បច្ចុប្បន្ននេះ ចំពោះសត្វអូទ្រីសគឺមានស្ថានភាពល្អប្រសើរឡើងវិញទាំងអស់ហើយដោយក្រុមការងារបច្ចេកទេសមានការថែទាំព្យាបាលដិតដល់។ ហើយការផ្ដល់ចំណីមានដូចជាស្មៅលាយជាមួយ នឹងចំណីកសិកម្មក្នុងមួយថ្ងៃផ្ដល់ចំណី៦ដងព្រឹក៣ដងនិងពេលល្ងាច៣ដងបើឱ្យស៊ីលើសពីនេះ អាចបណ្ដាលឲ្យសត្វជួបនឹងបញ្ហាដូចជាទល់លាមកជាដើម។
ប្រធានក្រុមចិញ្ចឹមសត្វអូទ្រីសលោក ម៉ៅ សារ៉ាក់ បានឲ្យដឹងថា ការចិញ្ចឹមសត្វនៅក្នុងកសិដ្ឋាននេះគឺជួបបញ្ហាប្រឈមមួយចំនួនគឺបញ្ហាអាកាសធាតុដោយសារតែសត្វទាំងនេះនាំមកពីប្រទេសអាហ្វ្រិក។ ទោះជាយ៉ាងណាលោកអះអាងថា មកដល់ពេលនេះការចិញ្ចឹមសត្វទាំងនេះទទួលបានផលល្អព្រោះក្រុមការងារមានបច្ចេកទេស និងការផ្ដល់វ៉ាក់សាំងគ្រប់គ្រាន់ទើបធ្វើឲ្យការចិញ្ចឹមទទួលបានទិន្នផល។ សត្វអូទ្រីសចាប់ផ្ដើមបង្កាត់ពូជបានក្នុងរង្វង់ពីខែ១០និងខែ១១ ហើយចាប់ផ្ដើមពងក្នុងរង្វង់ខែ១២ក្រោយពីទទួលបានពងរបស់វាក្រុមការងារបច្ចេកទេសបានបំបែកសត្វអូទ្រីសទៅកន្លែងផ្សេង ដើម្បីធ្វើយ៉ាងណាយកពងអូទ្រីសទាំងនោះទៅដាក់ក្នុងបន្ទប់ដែលក្រុមការងារបបច្ចេកទេសជាអ្នកភ្ញាស់។ សត្វអូទ្រីសកូនតូចទិញក្នុងតម្លៃជាង១៥០ដុល្លារ ហើយសត្វអូទ្រីសធំពេញវ័យក្នុងរង្វង់ចាប់ពីជាង១០០គីឡូឡើងគឺមានតម្លៃជិត២ពាន់ដុល្លារក្នុងមួយក្បាល។
ដោយឡែកលោក គឹម សន ប្រធានក្រុមចិញ្ចឹមសត្វចៀមក៏បានឲ្យដឹងដែរថា ការចិញ្ចឹមចៀមក៏មានបញ្ហាជួបផលវិបាកនិងភាពងាយស្រួលផងដែរ។ លោកបន្តថា ចំពោះផលវិបាកគឺដោយសារបញ្ហាខ្វះស្មៅភូមិសាស្ត្រមិនអំណោយផលល្អ ហើយពេលសត្វទាំងនេះឈឺគឺទាមទារមានការថែទាំឲ្យបានដិតដល់ និងត្រូវចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់គ្រប់គ្រាន់។ ចំពោះភាពងាយស្រួលគឺការផ្ដល់ចំណីហើយសត្វចៀមក្នុងមួយឆ្នាំ អាចផ្ដល់កូនបានពីរដង។ ជាងនេះទៀតនៅក្នុងរយៈពេល៦ខែ ចៀមអាចលក់សាច់បានចន្លោះពី២០គីឡូក្រាមទៅ៣០គីឡូក្រាមក្នុងមួយក្បាល។
លោកបន្ថែមថា នៅចំពោះមុខកសិដ្ឋាននៅតំបន់អូរត្រជាក់ចិត្តខាងលើនេះនឹងបន្តពង្រីកបង្កាត់ពូជចៀម និងភ្ញាស់ពូជអូទ្រីសឲ្យបានច្រើនថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឲ្យចូលមកម្សាន្តទីតាំងនេះបានកាន់តែច្រើនថែមទៀត។ ជាងនេះទៀតក៏ចង់បង្ហាញថា ប្រទេសកម្ពុជាជាពិសេសក្នុងភូមិសាស្ត្រនៃស្រុកព្រៃនប់ ខេត្តព្រះសីហនុក៏អាចចិញ្ចឹមសត្វប្រភេទនេះបានដែរ ដែលកន្លងមកធ្លាប់តែឃើញការចិញ្ចឹមប្រភេទសត្វទាំងនេះនៅបរទេសតែប៉ុណ្ណោះ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងតំបន់ជាពិសេសភ្ញៀវជាតិ-អន្តរជាតិសូមអញ្ជើញចូលមកទស្សនាកសិដ្ឋានកសិកទេសចរណ៍ “អូរត្រជាក់ចិត្ត” ឲ្យច្រើនថែមទៀត៕