ភ្នំពេញ៖ ជនដៃដល់ធ្វើសកម្មភាពឆក់កាបូបដែលបណ្ដាលឲ្យក្មេងស្រីម្នាក់ដួលចូលក្រោមរថយន្ដកិនស្លាប់ នៅស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានកម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវ និងឃាត់ខ្លួនបាន។ នគរបាលព្រហ្មទណ្ឌបានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១៦:៤៥នាទីនាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខឃឿន ស៊ីផាត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(បណ្តាលឱ្យជនរងគ្រោះស្លាប់និងកន្លែងកើតហេតុ)ចំណែកអ្នកបើកម៉ូតូឈ្មោះ ផា សុភ័ណ្ឌ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ជនជាតិខ្មែរ ស្នាក់នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល(គេចខ្លួន)។ ប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រី C125 ពណ៌ខ្មៅ ផ្លាកលេខកណ្ដាល 1-AB 6159។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦:៣០នាទីជនរងគ្រោះឈ្មោះ ស៊ឹម រស្មី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរបានបើកបរម៉ូតូឌុបកូនស្រីឈ្មោះ អារីកា អាយុ៤ឆ្នាំ ជនជាតិខ្មែរ លុះពេលធ្វើដំណើរមកដល់ចំណុចបណ្តោយផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ស្រាប់តែមានជនសង្ស័យឈ្មោះ ផា សុភណ្ឌ័ (អ្នកបើកម៉ូតូ) និងឈ្មោះ សុខខឿន សុផាត (ជិះពីក្រោយ) បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បណ្ដាលឱ្យដួលម៉ូតូ ហើយខ្ទាតជនរងគ្រោះឈ្មោះ អារីកា ចូលទៅក្រោមរថយន្តកិនស្លាប់នៅកន្លែងកើតហេតុហើយជនសង្ស័យបានបើកម៉ូតូគេចខ្លួនបាត់។ បច្ចុប្បន្នកម្លាំងជំនាញការិយាល័យបានប្រគល់ជនសង្ស័យជូនកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធីចំណែកបក្ខពួកឈ្មោះ ផា សុភ័ណ្ឌ កំពុងបន្តធ្វើការស្រាវជ្រាវដើម្បីចាត់វិធានការបន្ត៕