ពិព័រណ៍ខ្នាតអន្តរជាតិមួយត្រូវបានរៀបចំឡើងដោយសហព័ន្ធទេសចរណ៍កម្ពុជាដោយបង្ហាញពីម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅកម្ពុជា ដែលពិធីនេះធ្វើឡើងក្នុងគោលបំណងលើកស្ទួយវិស័យទេសចរណ៍ជាតិក៏ដូចជាទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកម្ពុជា និងទទួលយកនូវរសជាតិម្ហូបអាហារនៅកម្ពុជាផងដែរ។ ពិព័រណ៍នេះបានធ្វើឡើងរយៈពេល៣ថ្ងៃ ដោយចាប់ពីព្រឹកថ្ងៃទី១៦ដល់១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។ ពិធីបើកសម្ពោធត្រូវបានធ្វើឡើងក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងទេសចរណ៍, ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា លោក លូ ម៉េង និងអ្នកពាក់ព័ន្ធយ៉ាងច្រើន។ ពិព័រណ៍នេះទទួលបានការគាំទ្រពីសមាគមអូតែលកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា សមាគមសហគមចុងភៅកម្ពុជា និងវិទ្យាស្ថានម្ហូបអាហារកម្ពុជា និងគណៈសា្ថបត្យករកម្ពុជា។
លោក DARREN SIOW អ្នកគ្រប់គ្រងនិងរៀបចំកម្មវិធីនេះបានលើកឡើងថា ការត្រលប់មកវិញនៃព្រឹត្តិការណ៍ CAMFOOD’22 and CAMBUILD’22 ក្នុងឆ្នាំនេះ គឺជាសញ្ញាដ៏រឹងមាំមួយនៃការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិនៅកម្ពុជាបន្ទាប់ពីវិបត្តិកូវីដ១៩រយៈពេល២ឆ្នាំ។ លោកបន្តថា ព្រឹត្តិការណ៍នេះតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៩មកម្លេះតែដោយសារតែវិបត្តិកូវីដ១៩បានរាតត្បាតធ្វើឱ្យយើងខកខានអស់រយៈពេល២ (២០២០-២០២១)។ ការត្រឡប់មកវិញនៃព្រឹត្តិការណ៍នៅឆ្នាំ២០២២ ត្រូវបានគេមើលឃើញថា ជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញនៅក្នុងឧស្សាហកម្មទេសចរណ៍។
ចំណែកលោក លូ ម៉េង បានឱ្យដឹងដែរថា ពិព័រណ៍ CAMFOOD/CAMHOTEL’22 និង CAMBUILD’22 ត្រូវមានការទទួលស្គាល់យ៉ាងទូលំទូលាយថា ជាពិព័រណ៍អន្តរជាតិដ៏ធំបំផុតនៅកម្ពុជាសម្រាប់វិស័យម្ហូបអាហារ សណ្ឋាគារ បដិសណ្ឋារកិច្ច និងឧស្សាហកម្មសំណង់ហើយទទួលបានការគាំទ្រពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់ទាំងជាតិ និងអន្តរជាតិសរុបជាង២៥០ក្នុងការចូលរួមដាក់តាំងបង្ហាញផលិតផលនិងសេវាកម្មពាក់ព័ន្ធហើយរំពឹងថា នឹងទាក់ទាញអ្នកទស្សនាជាង១០,០០០នាក់ក្នុងរយៈពេល៣ថ្ងៃ។ លោកបន្តថា បន្ថែមលើសពីរការតាំងពិព័រណ៍នេះបានសហការជាមួយសមាគមសណ្ឋាគារកម្ពុជារៀបចំបង្កើតវេទិកាស្វែងការងារសម្រាប់វិស័យបដិសណ្ឋារកិច្ចក៏ដូចជាការប្រកួតប្រជែងរៀបចំគ្រែ របៀបរចនា និងតុបតែងផ្កា និងសិក្ខាសាលាចែករំលែកអំពីបចេ្ចកទេសការច្នៃប្រឌិតថ្មីៗផ្នែកវិស័យការហ្វេរការគ្រប់គ្រងបដិសណ្ឋារកិច្ច និងសំណង់ជាដើមដែលរៀបចំឡើងដោយអ្នកជំនាញជាច្រើន។
ថ្លែងនៅក្នុងពិធីនោះលោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ការៀបចំឱ្យមានពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងសំណង់ ខ្នាតអន្តរជាតិនេះ គឺស្របពេលដែលកម្ពុជាកំណត់ថា ឆ្នាំ២០២២ជាឆ្នាំដំបូងនៃដំណើរងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ និងជាដំណាក់នៃការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា៕