ភ្នំពេញ៖ ក្រុមការងារហិរញ្ញវត្ថុ Financial Action Task Force បានដាក់ចេញទិសដៅការងារដើម្បីត្រៀមលក្ខណៈសម្រាប់ការចុះពិនិត្យក្នុងអំឡុងខែមករា ឆ្នាំ២០២៣ សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ FATF នាពេលខាងមុខ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ក្នុងកិច្ចប្រជុំលើកទី៥គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា កម្ពុជាបានរៀបចំរបាយការណ៍ជុំទី១០ និងបានដាក់ជូន FATF ទាន់ពេលវេលា។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បន្តថានៅក្នុងរបាយការណ៍នោះបានរំលេចឱ្យឃើញនូវវឌ្ឍនភាពល្អប្រសើរប្រហាក់ប្រហែលនឹងវឌ្ឍនភាពក្នុងរបាយការណ៍ជុំទី៩ ដែលមហាសន្និបាតFATFកាលពីខែតុលា ឆ្នាំ២០២២ថា កម្ពុជាបានអនុវត្តពេញលេញនូវផែនការសកម្មភាពទាំងអស់ដែលនៅសេសសល់ និងបានសម្រេចឱ្យមានការចុះពិនិត្យផ្ទាល់នៅក្នុងខែមករា ឆ្នាំ២០២៣។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានចាត់ទុកការសម្រេចរបស់ FATF ឱ្យមានការចុះពិនិត្យផ្ទាល់ខាងមុខនេះជាឱកាសមាសដ៏ម្រសម្រាប់កម្ពុជា ដើម្បីឈានទៅដកខ្លួនចេញពីបញ្ជីប្រផេះ ដែលជាគោលដៅចុងក្រោយហើយក៏ជាដំណាក់កាលចុងក្រោយនៅក្នុងក្របខណ្ឌនៃនីតិវិធីរបស់ FATF មុននឹងសម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះផងដែរ។ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងដែរថា ការដកកម្ពុជាចេញពីបញ្ជីប្រផេះជាកិច្ចការដ៏សំខាន់ និងជាអាយុជីវិតរបស់ប្រទេសជាតិទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយ៕