ការបង្ហាញពីគម្រោងថតភាពយន្តបែបប្រវត្តិសាស្រ្តនៅលើទឹកដីកម្ពុជានេះត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមួយលោក Xie Xudong អគ្គនាយកក្រុមហ៊ុន Zhong Fang international Investment នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចូលជួបសម្តែងការគួរសម និងជម្រាបជូនពីគម្រោងនៃការផលិតភាពយន្តពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តកម្ពុជាចិននាសតវត្សទី១៣នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ជំនួបនេះបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ថ្លែងនៅក្នុងជំនួបនោះ លោកជំទាវបណ្ឌិតសភាចារ្យ បានស្វាគមន៍ចំពោះគម្រោងនៃការថតភាពយន្តរបស់ចិនពីព្រោះរឿងប្រវត្តិសាស្រ្តនេះមានអត្ថប្រយោជន៍ដល់ការផ្សព្វផ្សាយអំពីកម្ពុជាពិសេសផ្នែកវប្បធម៌ និងទេសចរណ៍។ ជាមួយនេះដើម្បីជួយសម្របសម្រួលដល់ផលិតករលោកជំទាវបណ្ឌិតសភាចារ្យបានស្នើដល់ក្រុមហ៊ុនផ្តល់អត្ថបទនិពន្ធពិស្តារ ដើម្បីក្រុមការងារក្រសួងជួយពិនិត្យសិក្សា និងស្នើឲ្យមានការជួបពិភាក្សាផ្ទាល់រវាងផលិតករ អ្នកដឹកនាំរឿងជាមួយមន្រ្តីជំនាញរបស់ក្រសួងដើម្បីជួយសម្រួលខ្លឹមសារឲ្យកាន់តែមានភាពត្រឹមត្រូវស្របតាមប្រវត្តិសាស្រ្ត។
សូមបញ្ជាក់ថា ការទាក់ទាញផលិតករភាពយន្តបរទេសឲ្យមកថតភាពយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺជាការងារអាទិភាពមួយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានចែងក្នុងគោលនយោបាយជាតិស្តីពីវប្បធម៌៕