អនុប្រធានាធិបតីនៃសាធារណៈរដ្ឋឥណ្ឌា និងលោក JAGDEEP Dhankar និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញសម្ពោធសាលរបាំប្រាសាទតាព្រហ្មក្រោយពីបញ្ចប់ការជួសជុលក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីដាក់ឱ្យចូលទស្សនាជាសាធារណៈ ដែលពិធីនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក S.JAISHANKAR រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណៈរដ្ឋឥណ្ឌាផងដែរ។
សូមបញ្ជាក់ថា មុនមានការជួសជុលសាលរបាំប្រាសាទតាព្រហ្មនេះត្រូវបានដួលរលំជាគំនរថ្មហើយដំបូលត្រូវជ្រុះធ្លាក់ស្ទើរទាំងស្រុងចំណែកសសរដួលរាបដល់ដីគ្មានសល់។ ក្រុមការងារបានចាប់ផ្តើមជួសជុលចាប់តាំងពីឆ្នាំ២០១០ និងបានបញ្ចប់ដោយជោគជ័យនៅឆ្នាំ២០២២។ ថ្លែងនៅក្នុងពិធីនោះលោក Jagdeep Dhankhar បានលើកឡើងថា ប្រទេសឥណ្ឌាជាទឹកដីដ៏ជាទីគោរពសក្ការៈរបស់ព្រះសម្មាសម្ពុទ្ធ។ ប្រទេសកម្ពុជា និងឥណ្ឌាជាបងប្អូនបង្កើត និងជាគ្រួសារដ៏វិសេសវិសាលដោយសារមានអរិយធម៌ ប្រហាក់ប្រហែលគ្នា។
គួររំលឹកថា អនុប្រធានាធិបតីឥណ្ឌាលោក Jagdeep Dhankhar បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយនៅក្នុងដំណើរទស្សនកិច្ចនេះឯកសារទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ជីវៈចម្រុះ និងសុខភាពចំនួន៤ត្រូវបានចុះហត្ថលេខាផងដែរ៕