ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ានប្ដូរវេនបានតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ នឹងគ្រោងត្រលប់មកកម្ពុជាវិញនៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកានេះខណៈកម្មវិធីសំខាន់ៗដែលបានគ្រោងទុកក្នុងកិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ីត្រូវបានចរចាដើម្បីប្រគល់ជូនភាគីឥណ្ឌូនេស៊ីចាត់ចែងតែម្ដង។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះថា មុនចេញពីកម្ពុជាគឺសម្ដេចបានធ្វើតេស្តរាល់ថ្ងៃតែពុំមានឃើញអ្វីនោះឡើយ ហើយសម្ដេចក៏ពុំបានដឹងច្បាស់ថាមេរោគនេះមកនៅជាមួយចាប់ពីពេលណាមកនោះដែរតែអ្វីដែលច្បាស់គឺពេលមកដល់ពេទ្យឥណ្ឌូនេស៊ីយកសំណាកនាពេលល្ងាចលុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ-១៩តែម្ដង។
សម្ដេចតេជោបានលើកឡើងដែរថា ជាសំណាងមួយដែលសម្ដេចមិនបានទៅចូលរួមទទួលទានបាយល្ងាចជាមួយប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលមួយចំនួនដែលរៀបចំដោយប្រធានាធិបតីបារាំង។ ជាមួយគ្នានេះសម្ដេចនាយករដ្ឋមន្រ្តីកម្ពុជាបានសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់ដើម្បីសុវត្តិភាពខណៈតំណាងប្រទេសអាស៊ាន ត្រូវបានចរចាប្រគល់ជូនឥណ្ឌូនេស៊ីជាតំណាងតែម្តង។
ជាមួយគ្នានេះជំនួបដែលបានគ្រោងទុកជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំងដែលនៅទីក្រុងបាងកកប្រទេសថៃ នៃកិច្ចប្រជុំ APEC ក៏បានខកខានផងដែរ។ សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានដឹកនាំប្រតិភូទៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូល៕