របាយការណ៍ពីក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងឱកាសថ្ងៃឈប់រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីខេត្តទូទាំងប្រទេសទទួលបានភ្ញៀវសរុប២,៥៧៨,៨៣៨នាក់។ ក្នុងនោះភ្ញៀវជាតិ២,៥៤៥,១៦១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៣,៦៧៧នាក់។ តួលេខខាងលើមានការកើនឡើង ប្រមាណ១៨៣.៣៤ភាគរយ បើធៀបនឹងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកកាលពីឆ្នាំ២០២១។ បើតាមក្រសួងទេសចរណ៍ក្នុងឱកាសថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូកនេះមានខេត្តមួយចំនួនដូចជា ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តត្បូងឃ្មុំ ក៏បានរៀបចំពិធីបុណ្យអុំទូកក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។
ដោយឡែកនៅតាមបណ្តាខេត្តផ្សេងទៀតដែលមិនមានការរៀបចំពិធីបុណ្យអុំទូករដ្ឋបាលខេត្តបានរៀបចំជាកម្មវិធីតាំងពិព័រណ៍ ការប្រគុំតន្រ្តី និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀតផងដែរ។ នៅក្នុងឱកាសនេះដែរចរាចរណ៍នៅតាមដងផ្លូវជាតិសំខាន់ៗមួយចំនួនរួមទាំងផ្លូវល្បឿនលឿនទៅកាន់ខេត្តព្រះសីហនុមានការមមាញឹកខ្លាំង និងមានការកកស្ទះដោយអន្លើៗនៅតាមទីតាំងមួយចំនួនហើយសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅនានា ត្រូវបានភ្ញៀវស្នាក់នៅពេញស្ទើរ១០០ភាគរយស្របពេលដែលចរន្តភ្ញៀវទេសចរមានសភាពផុសផុលនៅគ្រប់គោលដៅទេសចរណ៍ទូទាំងប្រទេស៕