ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានអាស៊ានប្ដូរវេនបានថ្លែងថា អាស៊ានបានយកឈ្នះលើការគម្រាមកំហែងជាសកលនូវការរាតត្បាតជំងឺកូវីដ-១៩ ហើយបានចាប់ផ្ដើមដំណើការស្ដារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះសម្ដេចតេជោ ហ៊ុន សែន ប្រធានអាស៊ានប្ដូរវេន បានមានប្រសាសន៍លើកឡើងថា ចាប់តាំងពីដើមឆ្នាំ២០២០មកជាមួយនឹងការព្យាយាម និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីលះបង់តាមរយៈសមាជិកអាស៊ាននីមួយៗ និងអាស៊ានជារួមយើងអាចប្រកាសដោយមោទនភាពថា យើងបានយកឈ្នះលើការគម្រាមកំហែងជាសកលនេះហើយបានចាប់ផ្ដើមដំណើការស្ដារឡើងវិញនូវសកម្មភាពសង្គម-សេដ្ឋកិច្ច។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ផ្អែកតាមការវាយតម្លៃនិងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) កាលពីខែតុលា កន្លងទៅនេះ រដ្ឋសមាជិកអាស៊ាននីមួយៗនឹងទទួលបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមានហើយតំបន់អាស៊ានទាំងមូល នឹងអាចសម្រេចបានកំណើនក្នុងអត្រា៥,៣%និង៤,៩%ក្នុងឆ្នាំ២០២២ និង ២០២៣រៀងគ្នា, ដែលជាអត្រាខ្ពស់បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតនៃសកលលោក ។
យ៉ាងណាក៏ដោយប្រធានអាស៊ានប្ដូរវេនបានលើកឡើងដែរថា ខណៈដែលយើងកំពុងសប្បាយរីករាយជាមួយនឹងផ្លែផ្កាពីការខិតខំរបស់យើងលើវិថីឆ្ពោះទៅកាន់កំណើនប្រកបដោយចីរភាពនេះយើងត្រូវតែប្រុងប្រយ័ត្នជានិច្ចដោយស្ថានភាពសង្គម សេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោកនៅមានភាពផុយស្រួយនិងបែកខ្ញែកគ្នានៅឡើយ៕