កម្ពុជាបានទទួលគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវនៃរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរពីប្រទេសចិន ដែលពិធីប្រគល់និងទទួលនេះធ្វើឡើងនៅប្រាសាទតាកែវនៃរមណីយដ្ឋានអង្គរនាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះក្រោមអធិបតីភាពលោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា តំណាងដ៏ខ្ពស់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។ គម្រោងជួសជុលប្រាសាទតាកែវជាគម្រោងសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជានិងចិនអនុវត្តដោយក្រុមការងារនៃរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរហៅកាត់ថា CSA ដែលបានចាប់ផ្តើមពីឆ្នាំ២០១១ និងបញ្ចប់នៅឆ្នាំ២០១៨។
មានប្រសាសន៍នៅក្នុងពិធីនោះលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងថា សាធារណរដ្ឋប្រជាមានិតចិនតាមរយៈគោលនយោបាយនិងកិច្ចសហប្រតិបត្តិការទ្វេភាគីនានានឹងបន្តចូលរួមកាន់តែសកម្មក្នុងកិច្ចការអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ឱ្យបានកាន់តែខ្លាំងក្លាដូចដែលភាគីមិត្តបាននិងកំពុងធ្វើក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្មនិងទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា និងការគាំទ្រភាពជាដៃគូអាស៊ាន-ចិនក្នុងក្របខណ្ឌអាស៊ានតាំងពីដើមរៀងមក។ ការជួយរបស់ចិនសម្រាប់កិច្ចការអភិរក្សប្រាសាទមានតាំងពីឆ្នាំ១៩៩៣មក។ ជាក់ស្ដែងគម្រោងជួសជុលប្រាសាទតាកែវបានចាប់ផ្តើមពីឆ្នាំ២០១១រហូតដល់ឆ្នាំ២០១៨ និងបន្តជួសជុលប្រាសាទដទៃទៀតក្នុងរមណីយដ្ឋានអង្គរ។
ចំណែកលោក លី ខឺឈាង បានបង្ហាញស្មារតីស្មោះស្ម័គ្រចំពោះចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា-ចិន។ លោកថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិនមានជាង១ពាន់ឆ្នាំមកហើយតាមរយៈកំណត់ហេតុ និងសៀវភៅប្រវត្តិសាស្រ្តជាច្រើននិយាយរឿងរ៉ាវនៃអារ្យធម៌ប្រទេសទាំងពីរហើយគម្រោងជួសជុលប្រាសាទតាកែវធ្វើឡើងក្នុងក្របខណ្ឌអង្គការយូណេស្កូដែលបានជួយកម្ពុជាក្នុងការអភិរក្សមរតកវប្បធម៌របស់ខ្លួន។
លោកនាយករដ្ឋមន្រ្តីមានសុទិដ្ឋិនិយមថា គម្រោងជួសជុលនេះនឹងផ្ដល់ផលប្រយោជន៍ច្រើនដល់កម្ពុជាក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងការផ្លាស់ប្ដូរនៃអារ្យធម៌បណ្ដាប្រទេសនៅក្នុងពិភពលោក។ ចិនគាំទ្រនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសកម្ពុជាក្នុងការអភិរក្សប្រាសាទ និងជួយជំរុញផ្ដាស់ប្ដូរសេដ្ឋកិច្ចនិងវប្បធម៌ដើម្បីជំរុញការផ្សារភ្ជាប់គ្នារវាងប្រជាជននិងប្រជាជន។ លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិកម្ពុជា-ចិននឹងរួមចំណែកយ៉ាងសំខាន់ និងធ្វើឱ្យប្រជាជននិងប្រជាជនស្វែងយល់ពីអារ្យធម៌ពីគ្នាថែមមួយកម្រិតទៀត៕